តុលាការ​កំពូល​សម្រេច​ផ្តន្ទាទោស​និស្សិត​ច្បាប់​ម្នាក់ ពីបទ​ឃាតកម្ម​គិតទុក​ជាមុន​

30-December-2015 | ដោយ មួយឡា

ភ្នំពេញ៖ អនុប្រធាន​តុលាការ​កំពូល លោក ឃឹម ប៉ុណ្ណ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ សម្រេច​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ទុកជាបានការ​ដដែល​ពោលគឺ​ផ្ដន្ទាទោស​បុរស​ម្នាក់​ជា​និស្សិត​ច្បាប់​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ដាក់ពន្ធនាគារ​អស់​មួយជីវិត​ពាក់ព័ន្ធ​ការ​អារ​.​ក​សម្លាប់​សង្សារ​ព្រោះ​ភ្លើង​ប្រចណ្ឌ​។​

​ជនជាប់ចោទ​ឈ្មោះ ស៊ី ហ្សា​ម៉ា​រ៉ូ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ត្រូវបាន​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន​តាម​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១១ នៅ​ចំណុច​ផ្ទះសំណាក់​ហង្ស​នាគ ក្នុង​បន្ទប់​លេខ​១៤ ផ្លូវ​លេខ​៥០២ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​តាម​អង្គហេតុ​គឺ ឈ្មោះ ស៊ី ហ្សា​ម៉ា​រ៉ូ បាន​នាំ​សង្សារ ឈ្មោះ ហៃ ស្រី​ទូច អាយុ​២៣​ឆ្នាំ ទៅ​ដេក​ក្នុងផ្ទះ​សំណាក់​។ លុះ​ក្រោយពេល​ជនរងគ្រោះ​ដេក​លង់លក់ ឈ្មោះ ស៊ី ហ្សា​ម៉ា​រ៉ូ ក៏​យក​កាំបិត​ដែល​លាក់ទុក​ចាក់​លើ​ពោះ​សង្សារ​ជាច្រើន​កាំបិត​និង​អារ​.​ក​សម្លាប់​តែម្តង​។​

​ដោយឡែក ក្នុង​សវនាការ​តុលាការ​កំពូល ឈ្មោះ ស៊ី ហ្សា​ម៉ា​រ៉ូ បាន​សារភាពថា ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​មែន តែ​សូម​ឲ្យ​តុលា​ការជួយ​បន្ធូរ​បន្ថយទោស​ព្រោះ​ការសម្លាប់​នេះ​ដោយសារ​ខឹង​នឹង​ជនរងគ្រោះ​លួច​មាន​សង្សារ​ថ្មី​។​

​ដោយឡែក លោក ឈួន ចាន់ថា តំណាង​មហាអយ្យការ​បាន​សន្និដ្ឋាន​តម្កល់​ការសម្រេច​របស់​តុលាការ​ឧទ្ធរណ៍​ទុកជាបានការ​ដដែល​៕ ដោយ មែន កំសត់​

ប្រភព៖ kampucheathmey

ចំនួនអ្នកទស្សនា

    20999887

  • ថ្ងៃនេះ4341
  • ម្សិលមិញ3441
  • សប្តាហ៍នេះ7791
  • ខែនេះ80531
  • ឆ្នាំនេះ557431
  • សរុប20999887