កំពង់ធំ៖ ជនសង្ស័យក្នុងអំពើឃាតកម្មកាប់សម្លាប់ស្ត្រីចំណាស់ម្នាក់កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ នៅពេលនេះសមត្ថកិច្ចតាមចាប់ជនសង្ស័យបានហើយ។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ គឺជាកូនប្រសាររបស់ស្ត្រីរងគ្រោះ។
យោងតាមការបញ្ជាក់របស់លោក យ៉ង់ សង់ អធិការនគរបាលស្រុកស្ទោង ខេត្តកំពង់ធំ បានប្រាប់ឲ្យដឹងមុននេះថា កម្លាំងនគរបាលរបស់លោក បានតាមចាប់ជនដៃដល់ជាឃាតរ កាប់សម្លាប់ស្ត្រីវ័យចំណាស់នៅភូមិពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំនោះបានហើយ។ ជនសង្ស័យ ដែលកម្លាំងលោកចាប់ខ្លួននៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ មានឈ្មោះសុខ ធី អាយុ ៤៤ឆ្នាំ នៅភូមិពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវជាកូនប្រសារជនរងគ្រោះ។
លោកអធិការស្រុកក៏បានបញ្ជាក់បន្ថែមទៀតថា ជនសង្ស័យ និង ប្រពន្ធរបស់ខ្លួនដែលជាកូនស្រីជនរងគ្រោះ បានលែងគ្នា បន្ទាប់មកស្ត្រីជនរងគ្រោះ ដែលជាម្តាយមិនអនុញ្ញាតឲ្យជនសង្ស័យមកជួបកូនស្រីរបស់ខ្លួន ទើបជនសង្ស័យចងគំនុំហើយឈានទៅដល់ការកាប់សម្លាប់តែម្តង។ ជនសង្ស័យរូបនេះ ត្រូវបាននគរបាលកំពុងសួរនាំបន្តទៀត នៅអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីបញ្ជូនទៅស្នងការខេត្តកំពង់ធំ ចាត់ការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា អ្នកស្រី បួន មីន អាយុ ៧៥ឆ្នាំ នៅភូមិពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានកូនប្រសារលួចកាប់ប្រហារបណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ពេលកំពុងសម្រាន្តលើគ្រែក្រោមផ្ទះ។
មន្ត្រីប៉ុស្តិ៍នគរបាលឃុំបានបញ្ជាក់ថា ស្ត្រីរងគ្រោះ ត្រូវកូនប្រសារឃោឃៅកាប់ត្រូវត្រង់កខាងឆ្វេង និងស្មាខាងឆ្វេងបណ្ដាលឲ្យស្លាប់ៗ៕ ដោយ មែន កំសត់