កំពង់ចាម៖ បុរសម្នាក់បានឡើងត្នោត ដើម្បីដោះបំពង់ទឹកត្នោតយកទៅលក់ បានភ្លាត់ស្នៀត របូតដៃធ្លាក់ពីលើចុងត្នោត បាក់កស្លាប់កាលពីវេលាម៉ោងជិត ៥ល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦នៅវាលស្រែអាចាបា ស្ថិតនៅខាងកើតភូមិខ្វិតធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ជនរងគ្រោះ ឈ្មោះ អ៊ឹម សុខ អាយុ៥៦ឆ្នាំ មានមុខរបរជាអ្នកឡើងត្នោត មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។ មុនពេលកើតហេតុ ជនរងគ្រោះ បានចេញពីផ្ទះដើម្បីទៅឡើងយកទឹកត្នោតលក់ តាំងពីវេលាម៉ោង ១១ ព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ តែមិនឃើញត្រឡប់មកផ្ទះវិញ រហូតដល់វេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃដដែល ទើបមានគេប្រទះឃើញ សាកសពជនរងគ្រោះដេកស្លាប់នៅក្រោមដើមត្នោត ហើយក៏ប្រាប់សាច់ញាតិឲ្យរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកអន្តរាគមន៍។
ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងប៉ូលិសមូលដ្ឋាននិងប៉ូលិសជំនាញស្រុក បានចុះមកកន្លែងកើតហេតុ ដើម្បីពិនិត្យលើសាកសពប៉ុន្តែមិនឃើញមានអ្វីប្លែកនោះទេ សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយបាក់កប្រាកដមែន បន្ទាប់មកក៏ប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ មែន កំសត់