ភ្នុំពេញ៖ បុរសស្រវឹងអាងយ៉ាងម្នាក់ បើកឡានទំនើបបុកម៉ូតូ១គ្រឿងបណ្ដាលឲ្យគ្រួសារអ្នកជិះ៣នាក់រងរបួសធ្ងន់និងស្រាល គឺ ឪពុកបាក់ជើងទាំងពីរ និងកូនស្រីអាយុ៤ឆ្នាំ បាក់ជើងម្ខាងខណៈម្តាយរងរបួសតិចតួច ហើយចុះមករករឿងទាំងខ្លួនខុសទៀត ធ្វើឲ្យមានការខឹងសម្បាពីប្រជាពលរដ្ឋបំរុងនិងកើតហិង្សាតែត្រូវបានកម្លាំងសមត្ថកិច្ចអន្តរាគមន៍ទាន់ពេល។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១២និង៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវសុធារសកែងនិងផ្លូវលេខ ២៩៤ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅម៉ោងខាងលើគេបានឃើញគ្រួសារមួយមានគ្នាបីនាក់ដែលប្រកបររកស៊ីលក់សណ្តែកដីពេលយប់ ដោយមធ្យោបាយម៉ូតូវីវាមួយគ្រឿងជិះតាមបណ្តោយផ្លូវសុធារស ពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវកែងក៏មានបុរសស្រវឹងម្នាក់ បើករថយន្ត Camry ស្លាកលេខភ្នំពេញ 2Q-0069 មកដល់ដែរ បានបុកពេញទំហឹងជាមួយម៉ូតូ ធ្វើឲ្យខាងម៉ូតូរងរបួសធ្ងន់ធ្ងរពីរនាក់ (ឪពុកកូនបាក់ជើងទាំងពីរនាក់) បន្ទាប់មកបុរសដែលបង្កនោះបានចុះពីរថយន្តរករឿងជនរងគ្រោះថែមទៀត។
បន្ទាប់មកបុរសបង្ក បានតេហៅបងប្អូនដែលជិះរថយន្ត Land Cruiser កប់សេរីពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ៖ 2AI-6699 មករំដោះចេញពីកន្លែងកើតហេតុដោយគេចវេសមិនទទួលខុសត្រូវលើទង្វើរបស់ខ្លួន បន្ទាប់ពីឡើងជិះរថយន្តដែលមករំដោះចេញនោះប្រមាណជា២គីឡូម៉ែត្រក៏ត្រូវបានកម្លាំងអាវុធហត្ថ ជាច្រើននាក់ដេញចាប់យកមកវិញបង្កជាភាពអាម៉ាស់ ដល់ម្ចាស់រថយន្ត Land Cruiser សេរីទំនើបនោះផង ដែលរងការមើលងាយពីសំណាក់ប្រជាពលរដ្ឋថាពិតជាថោកមែនដែលខ្លួនសុទ្ធតែជាអ្នក មានគ្រាន់តែរឿងគ្រោះថ្នាក់មិនព្រមដោះស្រាយជួយមើលគ្នាទេ បែរជាព្យាយាមគេចរត់ទៅវិញ។
បន្ទាប់មកម៉ូតូ និងរថយន្តរួមទាំងអ្នកបើកបរ ត្រូវបាននគរបាលចរាចរណ៍ខណ្ឌចំការមនឃាត់ខ្លួនយកទៅអធិការដ្ឋានខណ្ឌចំការមនដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕ ដោយ មែន កំសត់