កំពង់ស្ពឺ៖ សេចក្តីរាយការណ៍ពីខេត្តកំពង់ស្ពឺបានអោយដឹងនៅយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ នេះថា អគ្គនាយករងទូរទស្សន៍ជាតិកម្ពុជា (ទទក) ម្នាក់ត្រូវបានបញ្ជូន មកព្យាបាលនៅរាជធានីភ្នំពេញ ក្រោយពីរថយន្ត របស់គាត់ជួបគ្រោះថ្នាក់ ចរាចរ និងម៉ូតូក្នុងតំបន់ពេជ្រនិល ក្នុងទឹកដីខេត្តកំពង់ស្ពឺ ។
សេចក្តីរាយការណ៍បានអោយដឹងទៀតថា ហេតុការណ៍នេះ បានកើតនៅម៉ោងប្រមាណ៧យប់ នៅលើដងផ្លូវជាតិលេខ ៤ ក្នុងតំបន់ពេជ្រនិល ក្នុងនោះមនុស្ស២នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ឯពីរនាក់ទៀតត្រូវ បានបញ្ជូនមក កាន់មន្ទរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ ដែលក្នុងនោះម្នាក់ ជាអគ្គនាយករងទូរទស្សន៍ជាតិកម្ពុជា ។
បើតាមប្រភពព័ត៌មានពីក្រុមគ្រូពេទ្យបានអោយដឹងថា អ្នករបួសទាំងពីរនាក់នេះម្នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យ ដោយសារស្ថានភាពធ្ងន់ធ្ងរ។ ដោយឡែកម្នាក់ទៀតដែលមានមុខងារជាអគ្គនាយករងទូរទស្សន៍ជាតិកម្ពុជា ត្រូវបានបញ្ជូនតាមរថយន្តពេទ្យរបស់យោធាមកសង្គ្រោះនៅរាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានច្បាប់ការណ៍មួយបានបញ្ជាក់ថា អគ្គនាយករងដែលរងរបួសនេះ ឈ្មោះ វណ្ណា ដោយឡែកជនរងគ្រោះដែលបានស្លាប់ទាំង៣នាក់ គឺជាភាគីខាងម៉ូតូ ប៉ុន្តែរហូតមកទល់ពេលនេះនៅមិនទាន់មានប្រភពច្បាស់ការណ៍ណាមួយដែលអាចបញ្ជាក់ អំពីអត្តសញ្ញាណរបស់ជនរងគ្រោះទាំង៣នាក់នោះនៅឡើយទេ៕