ជនដៃដល់​កាប់សម្លាប់​ក្មេងប្រុស​៣​នាក់​ប្លន់​យក​ម៉ូតូ កាត់​ទ្វារ​មន្ទីរឃុំឃាំង​រត់គេច​ខ្លួន ត្រូវគេតាម​ចាប់បាន​មកវិញ​ហើយ

05-January-2016 | ដោយ មួយឡា

​សៀមរាប​៖ ជនដៃដល់​ម្នាក់​ដែល​បាន​កាប់សម្លាប់​ក្មេងប្រុស ៣​នាក់ ប្លន់​យក​ម៉ូតូ​នៅ​ស្រុក​អង្គរជុំ ហើយ​លួច​កាត់​សោ​ទ្វារ នៃ មន្ទីរឃុំឃាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​រត់គេចខ្លួន​នៅ​ម៉ោង​ទៀបភ្លឺ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​ស្ទាក់ចាប់​ប្រគល់ជូន​សមត្ថកិច្ច​វិញ​ហើយ នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​។​

​ស្នងការ​នគរបាល​ខេត្តសៀមរាប លោក​ឧ​ត្ត​ម​សេនីយ៍ ត្រី សត ណា​ឌី បាន​ប្រាប់​ឲ្យ​ដឹង​មុននេះ​បន្តិច​ថា ជនសង្ស័យ​ឈ្មោះ ឈន់ ឆេន ដែល​កាត់​សោ​ទ្វារ​រត់គេចខ្លួន​ត្រូវបាន​ប្រជាពលរដ្ឋ​ស្ទាក់​ចាប់បាន​ហើយ​នៅ​ម៉ោង ៦​ល្ងាច​ថ្ងៃ ពេល​កំពុង​ពួន​នៅ​គុម្ព​ចេក​របស់​ប្រជាពលរដ្ឋ ក្នុងភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​-​ខេត្តសៀមរាប​។​

​សូមបញ្ជាក់ថា ជនដៃដល់​ឈ្មោះ ឈន់ ឆេន អាយុ ១៨​ឆ្នាំ​ដែលជា​ជនសង្ស័យ​កាប់សម្លាប់​ក្មេងប្រុស ៣​នាក់ ប្លន់​ម៉ូតូ​កាលពី​ថ្ងៃទី​០២ ខែមករា នៅ​ស្រុក​អង្គរជុំ ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួន​នៅ​ថ្ងៃទី​០៣ ខែមករា​។ ពេល​កំពុង​ឃុំខ្លួន​នៅ​មន្ទីរឃុំឃាំង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ដើម្បី​សួរនាំ​ជនសង្ស័យ​រូបនេះ ក៏បាន​លួច​កាត់​សោ​ទ្វារ​លួច​រត់គេចខ្លួន​នៅ​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី ០៤ ខែមករា​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ ឈន់ ឆេន បាន​កាប់សម្លាប់​ក្មេងប្រុស​មិនទាន់​គ្រប់​អាយុ ៣​នាក់ យ៉ាង​សាហាវឃោរឃៅ  ដើម្បី​យក​ម៉ូតូ​មួយគ្រឿង​ម៉ាក C125 ពណ៌​ខ្មៅ ស៊េរី​២០១១ ពាក់​ស្លាក​លេខ​ប៉ៃលិន 1A-6878 ស្ថិតក្នុង​ភូមិ​គោក​ដូង ឃុំ​គោក​ដូង ស្រុក​អង្គរជុំ​។​

​ជនរងគ្រោះ​ទាំង ៣​នាក់​រួមមាន​៖ ទី​១-​ឈ្មោះ អ៊ាង សូ​យ ភេទ​ប្រុស អាយុ​៨​ឆ្នាំ​នៅ​ភូមិ​គោក​ដូង​ថ្មឹ ឃុំ​គោក​ដូង ស្រុក​អង្គរជុំ​, ទី​២-​ឈ្មោះ មាឌ យ៉ា ភេទ​ប្រុស​អាយុ​១៣​ឆ្នាំ​នៅ ភូមិ​គោក​ត្របែក ឃុំ​គោក​ដូង និង និង​ទី​៣-​ឈ្មោះ មិច ក្អាត់ ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ នៅ​ភូមិ គោក​ត្របែក ឃុំ​គោក​ដូង ស្រុក​អង្គរជុំ​៕ ដោយ មែន កំសត់​

ចំនួនអ្នកទស្សនា

    20507127

  • ថ្ងៃនេះ14841
  • ម្សិលមិញ12561
  • សប្តាហ៍នេះ42791
  • ខែនេះ64671
  • ឆ្នាំនេះ64671
  • សរុប20507127