ពោធិ៍សាត់៖ យ៉ាងហោចណាស់មានមនុស្ស ២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសាររថយន្តធុនធំ បើកបុកម៉ូតូ ពេលកំពុងបើកឆ្លងផ្លូវ ដោយរថយន្តកិនជនរងគ្រោះ បែកខ្ទេចខ្លួនប្រាណ កាលពីវេលាម៉ោង ២១និង៣០នាទី យប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោល គីឡូម៉ែត្រលេខ១៥៥ និងលេខ១៥៦ ស្ថិតក្នុងភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់នេះបង្កឡើង ដោយរថយន្តធុនធំ ដឹកហ្គាសម៉ាក VIVO ពណ៌ស គ្មានផ្លាកលេខ បានបុកជាមួយ ម៉ូតូម៉ាកវ៉េវ ពណ៌ក្រហមគ្មានផ្លាកលេខ បណ្ដាលឱ្យភាគីម្ចាស់ម៉ូតូនិងអ្នករួមដំណើរទាំង២នាក់ស្លាប់ភ្លាមៗ ដោយរថយន្តកិនពីលើ បែកខ្លួនប្រាណខ្ទេចតែម្តង ពេលកំពុងបើកម៉ូតូឆ្លងផ្លូវ។ អ្នកដំណើរដែលឃើញហេតុការណ៍នេះ បានសំដែងនូវភាពរន្ធត់គ្រប់ៗគ្នា ហើយរាយការណ៍ ឲ្យសមត្ថកិច្ចចុះមកពិនិត្យនិងយករថយន្តបង្កទៅរក្សាទុក។
មុនពេលកើតហេតុ រថយន្តធុនធំម៉ាក VIVO ពណ៌សគ្មានផ្លាកលេខ ធ្វើដំណើរក្នុងទិសដៅ ពីលិចទៅកើត លុះដល់ចំណុចកើតហេតុក៏បានបុកអ្នកជិះម៉ូតូ យ៉ាងពេញទំហឹង ហើយដោយឃើញសភាពមិនស្រួលអ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោល ។ ជនរងគ្រោះមានឈ្មោះ ខន រតនា ភេទប្រុស អាយុ ២២ឆ្នាំ និងឈ្មោះ ជុំ រ័ត្ន ភេទប្រុស អាយុ ២១ឆ្នាំ អ្នកទាំងពីររស់នៅភូមិឃុំ កើតហេតុខាងលើ ហើយក្រោយពេលពិនិត្យសមត្ថកិច្ចបានប្រគល់សាកសព ឱ្យសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី៕ ដោយ មែន កំសត់