កណ្តាល៖ បុរសជាឪពុកចុងម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ធ្វើការឃាត់ខ្លួន បន្ទាប់ពីរូបគេធ្វើសកម្មភាពប៉ុនប៉ងរំលោភសេពសន្ថវៈ លើកូនស្រីរបស់ខ្លួន ខណៈប្រពន្ធទើបសម្រាលកូនបាន១ខែប៉ុណ្ណោះ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនល្មើសឈ្មោះ អឿន សំអុន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិត្បូង ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវជាឪពុកចុងរបស់ជនរងគ្រោះ ត្រូវបានឃាត់ខ្លួន នៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ លើកូនស្រីចុង ឈ្មោះ មាស ករុណា អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។
សមត្ថកិច្ចបានបញ្ជាក់ដំណើររឿងថា នៅថ្ងែទី០៥ ខែមករា ឆ្នាំ២០១៦ នៅវេលាម៉ោង៩៖០០នាទីយប់ ឈ្មោះ មាស ករុណា (កូនស្រី) បានចូលដេកនៅក្នុងបន្ទប់តែម្នាក់ឯង ចំណែកឈ្មោះ អឿន សំអុន (ជនល្មើស) បានដេកនៅខាងក្រៅបន្ទប់ជាមួយប្រពន្ធខ្លួន ដែលទើបសំរាលកូនខ្ចីបាន១ខែ។ មួយសន្ទុះក្រោយមកឈ្មោះ អឿន សំអុន បានទៅគោះទ្វារបន្ទប់ ដេករបស់កូនស្រី ពេលនោះកូនស្រីមកបើកទ្វារ មើលឃើញ ឪពុកចុងនៅក្បែរទ្វារហើយ ចូលដេកវិញ។
លុះដល់វេលាម៉ោង១ រំលងអាធ្រាត្រនា ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ឈ្មោះ អឿន សំអុន បានទៅគោះទ្វារបន្ទុប់ដេករបស់កូនស្រីម្តងទៀត កូនស្រីបានស្រែកសួរពីក្នុងបន្ទប់ថា អ្នកណាគេគោះទ្វារ ហើយក្រោកមកបើកទ្វារក៏ឃើញឪពុកចុង ឈរនៅក្បែរបន្ទប់ ដោយកាន់កាំបិតខ្វែវ ដើរចុះដើរឡើងកូនស្រីបានចូលដេកវិញ។ បានមួយសន្ទុះឮសូរគោះទ្វារម្តងទៀត ម្តាយរបស់កូនស្រីឃើញបានសួរថា ឯងទៅគោះទ្វារ កូនធ្វើអីយប់ជ្រៅហើយហ្នឹង ឯងចង់ជាប់គុកឬ បន្ទាប់មកកូនស្រីបានទៅចូល ដេកជាមួយជីដូនខ្លួន។
ដល់វេលាម៉ោង០៦៖៣០នាទីព្រឹក ទើបកូនស្រីបានដើរចូលទៅក្នុង បន្ទប់របស់ខ្លួនវិញដើម្បីផ្លាស់ខោអាវស្រាប់តែឈ្មោះ អឿន សំអុន ចូលទៅចាប់អោបកូនស្រីពីក្រោយរួចនិយាយថា ធើម៉ែមិនកើតធើកូនវិញ ពេលនោះកូនស្រីបានស្រែករត់ចេញមកក្រៅបន្ទប់។
សមត្ថកិច្ចបានបញ្ជាក់ទៀតថាលុះវេលាម៉ោង៤៖០០នាទីរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ជនរងគ្រោះកូនស្រីនិងម្តាយមកដាក់ពាក្យបណ្តឹង ប្តឹងឈ្មោះ អឿន សំអុន សុំឲ្យសមត្ថកិច្ចអនុវត្តទៅតាមច្បាប់។
បន្ទាប់មកសមត្ថកិច្ច ស្រុកខ្សាច់កណ្ដាលបានឃាត់ខ្លួនឈ្មោះ អឿន សំអុន ដើម្បីកសាងសំណុំររឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាលចាត់វិធានការតាមនីតិវិធី ច្បាប់៕ ដោយ មែន កំសត់