ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦នេះ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ តាមបណ្តឹងរបស់ស្ត្រីម្នាក់និងក្រុមគ្រួសាររបស់នាង ក្រោយជនសង្ស័យរូបនោះ ប្រើល្បិចលួងលោមសុំស្នេហ៍ធ្វើសង្សារនិងសន្យាចូលស្តីដណ្តឹងរៀបការតាមប្រពៃណី តែមិនចូលស្តីដណ្តឹងថែមទាំងខ្ចីលុយជាងមួយពាន់ដុល្លារ រួចគេចខ្លួនបាត់។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ ចិន្តា ភេទស្រី អាយុ១៨ឆ្នាំ ត្រូវជនសង្ស័យបោកយកលុយអស់១៥០ដុល្លារ ចំណែកបងស្រីរបស់នាងឈ្មោះ សុខ ណាវី អាយុ២៩ឆ្នាំ ត្រូវជនសង្ស័យបោកលុយអស់ ៧០០ដុល្លារ និងម្តាយឈ្មោះ ប៉ូង សុផល អាយុ៥២ឆ្នាំ ត្រូវជនសង្ស័យបោកលុយអស់ ៧០០ដុល្លាផងដែរ។ ដោយឡែកជនសង្ស័យ ឈ្មោះ សំ សំណាង ហៅរ័ត្ន អាយុ៣០ឆ្នាំ។
ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ដំបូងឡើងរូបនាង និងជនសង្ស័យច្រឡំលេខទូរស័ព្ទ ក៏ភ្ជាប់ទំនាក់ទំនងសាសងស្នេហ៍ជាមួយគ្នាដោយជនសង្ស័យធ្លាប់បានទៅលេងដល់ផ្ទះស្ត្រីរងគ្រោះផងដែរ និងបានប្រាប់ម្តាយឪពុកនិងបងស្រី ថាខ្លួននឹងចូលស្តីដណ្តឹង នារីរងគ្រោះរៀបការពេញច្បាប់ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ ។ ប៉ុន្តែក្នុងអំឡុងពេលស្គាល់គ្នានេះ ជនសង្ស័យតែងតែរអ៊ូជួបបញ្ហាការងារជារឿយៗ ដោយខ្ចីលុយរបស់ក្រុមគ្រួសារនារីរងគ្រោះតែរហូត។
លុះដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ ស្ត្រីរងគ្រោះ និងក្រុមគ្រួសាររង់ចាំជនសង្ស័យចូលស្តីដណ្តឹង តែមិនឃើញចូលក៏កើតក្តីសង្ស័យ និងបានដឹងខ្លួនថាចាញ់បោកជនល្មើស ក៏ដាក់ពាក្យបណ្តឹង ឲ្យនគរបាលជួយអន្តរាគមន៍និងឈានដល់ការឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦នេះ នៅចំណុចហាងកាហ្វេ ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យតែម្តង។ បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមច្បាប់៕ ដោយ មែន កំសត់