ព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី០៨ មករានេះថា ជនដៃដល់ដែលប៉ងកាប់សម្លាប់មនុស្សមួយគ្រួសារនៅក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុកាលពីរំលងអធ្រាត្រថ្ងៃទី២៩ ធ្នូ កន្លងមកនោះ ដោយសារគំនុំជេរប្រមាថផ្តើមចេញពីមេមាន់១ក្បាល និងបង្ហាញមុខឃាតកដែលទើបនឹងចាប់បានកាលពីម្សិលមិញ។
សម្រាប់ករណីឃាតកម្មនេះ ត្រូវបានលោកស្នងការប្រាប់ថា ជារឿងគំនុំខឹងជេររឿងជម្លោះសត្វមាន់មួយក្បាល នៅផ្ទះជិតខាងគ្នា ហើយជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ និងធ្លាប់ប្រព្រឹត្តបទល្មើស ជាច្រើនផងដែរ នាពេលកន្លងទៅ។
មុនពេលកើតហេតុជនសង្ស័យ និងប្រពន្ធកូនរបស់ខ្លួន មករស់នៅតំបន់ក្បាលឆាយជាមួយស្ត្រីកាន់សាសនាគ្រឹស្តម្នាក់ នៅក្បែរផ្ទះជនរងគ្រោះ ។ ដោយមុនពេលកើតហេតុ២ថ្ងៃ ជនសង្ស័យបានចាប់មាន់មួយក្បាលធ្វើម្ហូបស្រាប់តែ ជនរងគ្រោះបានចោទថា ជនសង្ស័យចាប់ និងលួចមាន់របស់ខ្លួន រហូតជេរបញ្ចោ មិនឈប់ឈរបើទោះបីជនសង្ស័យអះអាងថា ជាមាន់របស់ស្ត្រីដែលខ្លួនរស់នៅជាមួយក៏ដោយនោះ។ ដោយសារតែខឹងជនរងគ្រោះនៅតែចោទ និងជេរហើយជេរទៀត ទើបជននេះបានយកពូថៅមកកាប់ជនរងគ្រោះដល់ផ្ទះប៉ងសម្លាប់មួយពូជ បណ្តាលឲ្យស្លាប់ស្ត្រីជាម្តាយ និងកូនស្រីអាយុ១៣ ខណៈ៥នាក់ទៀត រងរបួសធ្ងន់។
សូមបញ្ជាក់ថា ជនដៃដល់ដែលកាប់សម្លាប់ជនរងគ្រោះមួយគ្រួសារមានគ្នា៧នាក់ បណ្តាលឲ្យស្លាប់ស្ត្រីជាម្តាយ និងកូនស្រីអាយុ១៣ឆ្នាំ នៅតំបន់ក្បាលឆាយ នោះត្រូវបានកម្លាំងនគរបាលចាប់ខ្លួន បាននៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅស្រុកមុខកំពូលខេត្តកណ្តាល៕