ភ្នំពេញ ៖ សមត្ថកិច្ច ឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីទទួលបានពាក្យបណ្ដឹង ពីឪពុកម្ដាយស្ត្រីរងគ្រោះកាលពីវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦ ដែលប្ដឹងចោទពីបទរំលោភសេពសន្ធវៈ ទៅលើកូនស្រីគាត់បានសម្រេច រហូតដល់ចំនួន៧ដង នៅក្នុងផ្ទះជនសង្ស័យ ស្ថិតនៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរស ជាប់ចោទពីបទរំលោភមាន ឈ្មោះ ចាន់ រស្មី ភេទប្រុស អាយុ២៩ឆ្មាំ មានមុខរបរគ្រូពេទ្យ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ស្ត្រីរងគ្រោះមានឈ្មោះ ច.រ.ស អាយុ២០ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ និងមកធ្វើការជាអ្នកបំរើនៅផ្ទះ ជនសង្ស័យ។
នារីរងគ្រោះបានអោយដឹងថា រូបនាងបានមកស៊ីឈ្នួលជាអ្នកបម្រើ នៅផ្ទះបុរសខាងលើ ដោយសារតែជនសង្ស័យជាអ្នកស្រុកជាមួយគ្នា និងឪពុក ម្តាយស្គាល់គ្នា ហើយដោយយល់ថា ប្រពន្ធជនសង្ស័យ ទើបតែឆ្លងទន្លេ គ្មានអ្នកមើលថែ ហើយបានជួលនាងអោយមកនៅជាមួយ ដោយអោយប្រាក់ខែក្នុង១ខែ២០០ដុល្លារ ។
នាងបញ្ជាក់ថា ការចាប់រំលោភកើតឡើងកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅ វេលាម៉ោង១២យប់ ដោយបុរសជាជា្ចស់ផ្ទះបាន បបួលនាងទៅដើរលេងទៅផ្សារទំនើបសុវណ្ណា រួចហើយចូលក្លឹបរាំលេងហើយបុរសនោះក៏បាននាំនាងចូលដេកក្នុងផ្ទះសំណាក់ និងចាប់នាងរំលោភបានសម្រេចមួយដង។ ក្រោយៗមកទៀត ជនសង្ស័យបានធ្វើសកម្មភាពចាប់នាងរំលោភនៅក្នុងផ្ទះបានសម្រេចចំនួន៦ដងទៀត តែនាងមិនហ៊ាននិយាយប្រាប់អ្នកណាទេ ព្រោះនាងគិតថា ចាំដល់ថ្ងៃបើកប្រាក់ខែសិន ។
នៅពេលដែលម្តាយនាងឡើងមកបើកប្រាក់ខែ ទើបនាងប្រាប់អ្នកជិតខាងថាជនសង្ស័យបានចាប់នាងរំលោភចំនួន ៧ដង ធ្វើអោយមានការភ្ញាក់ផ្អើលឡើង ពេលនោះភាគីទាំងពីរក៏ធ្វើការសម្របសម្រួលគ្នាដោយខាងនារីរងគ្រោះទាមទារសំណង៨,០០០ដុល្លារ ហើយភាគីខាងជនសង្ស័យ ក៏យល់ព្រម លុះដល់ថ្ងៃកំណត់សងប្រាក់ ស្រាប់តែជនសង្ស័យក្រឡាស់សំដី មិនព្រមសងក៏ប្តឹងអោយសមត្ថកិច្ចឃាត់ខ្លួន យកមកប៉ុស្តិ៍នគរបាលទឹកថ្លាតែម្តងទៅ ៕