ភ្នំពេញ៖ បុរសម្នាក់ដែលលាក់គ្រឿងញៀនមួយកញ្ចប់ធំក្នុងសាច់គោបម្រុងយកឱ្យមិត្តភក្តិកំពុងជាប់ពន្ធនាគាររាជធានីភ្នំពេញឬហៅថាគុកប៉េហ្ស៊ី តែត្រូវបង្ក្រាបទាន់ពេលវេលា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។
បុរសរូបនេះឈ្មោះ កូវ លីហួត អាយុ២៨ឆ្នាំ មុខរបរកម្មករហៅម៉ូយឡានបេនច្បារអំពៅស្នាក់នៅផ្ទះជួល ភូមិដើមចាន់សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបាននគរបាលពន្ធនាគារប៉េហ្ស៊ី រាជធានីភ្នំពេញឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១៦ នៅចំណុចច្រកចូលពន្ធនាគារប៉េហ្ស៊ីរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
នគរបាលបានឱ្យដឹងថា មុនពេលបង្ក្រាបជនសង្ស័យរូបនេះ ជនសង្ស័យបានជិះរ៉ឺម៉កកង់បីយកសាច់គោ ទម្ងន់កន្លះគីឡូក្រាមទៅឲ្យមិត្តភក្តិឈ្មោះ ប៉ា ដែលកំពុងជាប់ ពន្ធនាគារប៉េហ្សី ។ ប៉ុន្តែត្រូវឆ្មាំគុកសង្ស័យក៍ឆែកឆេរ ព្រមទាំងវះសាច់គោដើម្បីពិនិត្យមើលបានរកឃើញថ្នាំញៀន ប្រភេទមេតំហ្វេតាមីន១កញ្ចប់ធំ ទម្ងន់១ជីដែលអាចច្រកបាន១០កញ្ចប់តូច ដែលជនសង្ស័យបានលាក់ទុក ក្នុងសាច់គោ បម្រុងយកទៅចែកចាយ ក្នុងពន្ធនាគារប៉េហ្ស៊ី ទើបកម្លាំងឆ្មាំគុកសម្រេចឃាត់ខ្លួនប្រគល់ឲ្យកម្លាំងនគរបាល ខណ្ឌឫស្សីកែវ រួមនិងវត្ថុតាងដើម្បីចាត់ការតាមនិតិវិធីច្បាប់តែម្ដង ៕