ភ្នំពេញ៖ បុរសម្នាក់ស្រវឹង និងខឹងរឿងអ្នកចូលក្លឹបរាំប៉ះចង្កេះប្រពន្ធខ្លួន ត្រូវបុរសនោះ យកកាំភ្លើងបាញ់អស់ជាង ៦គ្រាប់ បណ្តាលឲ្យសន្តិសុខក្លឹប ពីរនាក់ បានរងរបួស។
ហេតុការណ៍នេះកើតឡើងនៅចំណុច ក្លោងទ្វារចូលក្លឹបកំសាន្ត មេនហាតធេន (Holiday) ម៉ោងប្រមាណ ០៣៖២០នាទី រំលងអាធ្រាត្រឈាន ចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ស្ថិតផ្លូវលេខ៦៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ដើមហេតុ ជនសង្ស័យ បានបានជិះម៉ូតូមួយគ្រឿង ម៉ាក PCXពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FB-9233 នាំប្រពន្ធ រួមជាមួយបងថ្លៃ និងមិត្តភ័ក្រទាំងអស់ចំនួន ៧នាក់ ទៅរាំលេងនៅ ក្លឹបហូលីដេ។ ពេលកំពុងរាំលេង ក៏មានក្រុមផ្សេង មកប៉ះចង្កេះប្រពន្ធ ហើយជនសង្ស័យជាប្តីខឹង ក៏បានឈ្លោះគ្នាក្នុងក្លឹប ហើយសន្តិសុខ ក៏បានដេញចេញមកក្រៅ និងទៅផ្ទះរៀងខ្លួន ។
មួយសន្ទុះក្រោយ ជនសង្ស័យក៏បានជិះម៉ូតូមកវិញជាមួយនឹងកាំភ្លើងវែង១ដើម AR15 លេខ5677 រួចជនសង្ស័យក៏បានដកកាំភ្លើង ចេញពីកែបម៉ូតូ រួចស្រែករកឈ្មោះ៧៩ ជាប្រធានសន្តិសុខ ឲ្យហៅក្រុម ដែលប៉ះចង្កេះប្រពន្ធរបស់ខ្លួន ចេញមកក្រៅ ដើម្បីដោះស្រាយគ្នា ប៉ុន្តែសន្តិសុខបាន និយាយសុម្រួលចរចា មិនឲ្យចូលក្នុងក្លឹប ខ្លាចមានរឿងធំ ព្រោះជនសង្ស័យ មានកាន់អាវុធ ហើយស្រវឹងខ្លាំងទៀត។
មេសន្តិសុខបានព្យាយាមសម្រួល ឲ្យជនសង្ស័យ ត្រឡប់ទៅវិញ យ៉ាងណាក៏ដោយ ប៉ុន្តែជនសង្ស័យ មិនព្រម ហើយក៏បាន ដកកាំភ្លើងបាញ់រះអស់ ៦គ្រាប់ និងសល់គ្រាប់ក្នុងបង់ចំនួន ៦គ្រាប់ទៀត មកលើក្រុមសន្តិសុខហូលីដេ បណ្តាលឲ្យរងរបួសតែម្តង។
ភ្លាមនោះកម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួន ក្រោយឃាត់ខ្លួនជនសង្ស័យ ហើយជនសង្ស័យសារភាពថាខ្លួនឈ្មោះ ចៅ រង្សី អាយុ ៣១ឆ្នាំ ស្នាក់នៅផ្ទះលេខ១១E0 សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនរងគ្រោះ ទាំងពីរនាក់នោះ ទី១ ឈ្មោះ កង ចិត្រា ភេទប្រុស អាយុ៤៦ឆ្នាំ ជាប្រធានសន្តិសុខHOLIDAY ត្រូវ ១គ្រាប់ ចំពោះ និងទី២ ឈ្មោះ ដុំ ធី ភេទប្រុស អាយុ៤២ឆ្នាំ ជាសន្តិសុខ HOLIDAY ត្រូវចំដៃខាងស្តាំ ទាំងពីរនាក់នេះ កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ៕