ក្រចេះ៖ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នាយរងខណ្ឌជលផលសង្កាត់ថ្មក្រែ ស្រុកសំបូរ ចេត្តក្រចេះម្នាក់ ឈ្មោះ រិទ្ធ បានបើករថយន្ត ម៉ាក Hilux vigo ស្លាកលេខ ភ្នំពេញ2I 9496 ធ្វើដំណើរពីលិចទៅកើតយ៉ាងលឿន បានបុកក្មេងប្រុសម្នាក់ឈ្មោះ ប៉ែង ធារ៉ា អាយុ៦ឆ្នាំ នៅភូមិត្បែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ដោយពិនិត្យឃើញក្មេងប្រុសនេះស្លាប់ មន្ត្រីខណ្ឌជលផលរូបនេះ បានបើករថយន្ត សំដៅរត់គេចខ្លួន នៅចំណុចក្រុមហ៊ុនតុងមិន តែស្ថានភាពផ្លូវគ្រលីកក្រលុកពេកធ្វើឲ្យពិបាកបើកបរ ក៏ផ្លុងទុករថយន្ត ចោលនៅព្រៃចំការចេក ចំងាយពីភូមិប្រហែល១០គីឡូម៉ែត្រ ។ ប្រជាពលរដ្ឋបានរាយការណ៍ ទៅសមត្ថកិច្ច នៅពេលដែលសមត្ថកិច្ចចុះមកដល់កន្លែង បានបញ្ជាក់ថា រថយន្តដែលទុកចោលនេះជារបស់ឈ្មោះ រិទ្ធ មានតួនាទីជានាយរងខណ្ឌជលផលសង្កាត់ថ្មក្រែ ស្រុកសំបូរ ខេត្តក្រចេះ។
បច្ចុប្បន្នសពក្មេងប្រុស ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯ រថយន្ត បង្កសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកសំបូរ ខេត្តក្រចេះ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ៕ ដោយ មែន កំសត់