ស្ទឹងត្រែង៖ គួរឲ្យអាសូរយ៉ាងពន់ពេក ដល់គូស្វាមីភរិយា២នាក់ ដែលទើបតែរៀបការបាន៤ថ្ងៃ ប៉ុន្តែឆាកជីវិតរបស់ពួកគេ មិនអាចរស់នៅដល់ចាស់កោងខ្នង ក៏បានលាចាកលោកទាំងក្តីអាល័យទៅវិញ ដោយសារឃាតករលើដងផ្លូវ។ នេះដូចជាវាសនាបានកំណត់ទៅហើយថា កើតមកនៅថ្ងៃខែឆ្នាំខុសគ្នាតែបានស្លាប់នៅម៉ោងជាមួយគ្នាត្រឹមមួយប៉ព្រិចភ្នែក តែប៉ុណ្ណោះ។
នៅវេលាម៉ោងជាង៩យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ ជនរងគ្រោះ២ នាក់ប្តីប្រពន្ធ ដែលទើបតែរៀបការបាន៤ថ្ងៃនោះបានជួបគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូទៅបុកគោយន្ត ស្លាប់ទាំង២នាក់គួរឲ្យអាសូរស្ថិតនៅត្រង់ផ្លូវបំបែកចេញពីអូរពងមាន់ ទៅទីរួមខេត្តមណ្ឌលគីរីប្រមាណជាង១គីឡូម៉ែត្រ។
ប្រជាពលរដ្ឋនៅកន្លែង កើតហេតុបានប្រាប់ថា ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធក្រោយពីរៀបការហើយ បាន៤ថ្ងៃ ក៏ចេញទៅប្រកបរបររកស៊ីជាអ្នកទិញដំឡូងមី លុះដល់ពេលឈប់ ក្រោយពេលទិញរួច ក៏ត្រឡប់មកផ្ទះវិញ ។ ប៉ុន្តែពេលជិះមកដល់ចំណុច កើតហេតុ ត្រង់ផ្លូវបំបែកក៏មានគោយន្ត២គ្រឿងដឹកឈើបានឈប់សាងផ្ទេរឈើឲ្យគ្នា ដោយពុំមានដាក់សញ្ញាសំគាល់អ្វីនោះទេ ធ្វើឲ្យជនរងគ្រោះជាប្តីបានបើកម៉ូតូមកដល់យ៉ាងលឿនក៏បុកពីក្រោយពេញទំហឹងបណ្តាលឲ្យស្លាប់ទាំងពីរនាក់ភ្លាមៗតែម្តង។ ជនរងគ្រោះដែលស្លាប់ទាំងពីរនេះ រស់នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកជួយអន្តរាគមន៍ និងប្រគល់សពជនរងគ្រោះ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តយកទៅរក្សាទុករង់ចាំការដោះស្រាយបន្ត៕ ដោយ មែន កំសត់