ភ្នំពេញ៖ មនុស្សបានស្លាប់ទៅហើយ ប៉ុន្តែនៅឡើយជាប់បញ្ហាមិនអាចបូជាសពខ្លួនតារាចម្រៀង វណ្ណ មករា បានឡើយដោយសារអាជ្ញាធរមិនអនុញ្ញាត។
ពិធីបូជាសពតារាចម្រៀង វណ្ណ មករា ជិតចូលមកដល់នៅម៉ោង៥ល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ បែរជាត្រូវអាជ្ញាធរមានសមត្ថកិច្ចរបស់ខណ្ឌចំការមនបានរារាំងដល់ក្រុមគ្រួសារ មិនទាន់ឲ្យបូជាសព ដោយអះអាងសពគ្មានច្បាប់ឡើយ។
កាលពីវេលាម៉ោង៤រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ នៅវត្តទូលទំពូងស្រាប់តែអាជ្ញាធរមានការរារាំងក្រោមកម្លាំងខណ្ឌចំការមនដោយមិនឲ្យក្រុមគ្រួសារបូជាសពលោក វណ្ណ មករា នោះទេដោយសារតែសពមិនទាន់មានឯកសារបញ្ជាក់ត្រឹមត្រូវពីករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ស្ពឺ។
ក្រោមហេតុផលនេះអាជ្ញាធរបានប្រាប់ឲ្យក្រុមគ្រួសារទៅធ្វើលិខិតមរណភាពឬលិខិតបញ្ជាក់ផ្សេងៗពីអាជ្ញាធរខេត្តកំពង់ស្ពឺដែលជាកន្លែងកើតហេតុ ទើបអនុញ្ញាតធ្វើពិធីបូជាសពក្នុងវត្តទួលទំពួង៕ ដោយ មែន កំសត់