ភ្នំពេញ៖ ជនសង្ស័យជាភេទទីបី (ខ្ទើយ) ម្នាក់ ក្នុងចំណោមពីនាក់ត្រូវបានជនរងគ្រោះចាប់វាយឡើងប៉ោងមុខទ្រោមខ្លួន ទើបប្រគល់អោយសមត្ថកិច្ចបន្ទាប់ពីធ្វើសកម្មភាពបើកទ្វារថយន្តតាក់ស៊ីម៉ែត្រធរ លួចយកទូរស័ព្ទនិងកាបូបលុយ ខណៈម្ចាស់ចតរថយន្តដេកលក់ភ្លេចចាក់សោរទ្វារ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទី ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ហេង ហាន់នី ភេទទីបី (ខ្ទើយ) អាយុ២៤ឆ្នាំ មុខរបរជាមេការបម្រើការងារនៅក្នុងហាងខារ៉ាអូខេមួយកន្លែង នៅតាមបណ្ដោយផ្លូវ២០០៤ស្នាក់នៅផ្ទះជួលក្រោយផ្សារដីហុយ មានស្រុកកំណើតនៅភូមិព្រៃក្តាម ឃុំសត្វពង ស្រុកឈូក ខេត្តកំពត។ ចំណែកជនរងគ្រោះឈ្មោះ កែម រស្មី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើករថយន្តតាក់ស៊ីម៉ែត្រធរ ស្នាក់នៅផ្ទះជួលម្តុំវត្តតាំងក្រសាំង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិព្រៃឫស្សី ឃុំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ប្រភពពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុរូបគាត់បានបើករថយន្តតាក់ស៊ីម៉ែត្រធរ ១គ្រឿងពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 2AE.7124 ដោយងងុយដេកខ្លាំងពេក គាត់ក៏ចតរថយន្តនៅលើចិញ្ចើមផ្លូវដេកលក់ទៅដោយភ្លេចចាក់សោរទ្វារឡាន។
លុះដល់ម៉ោងកើតហេតុខាងលើស្រាប់តែមានជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ មិនចាំស្លាកលេខ បានមកធ្វើសកម្មភាពបើកទ្វារលួចយកទូរស័ព្ទ២គ្រឿង និងកាបូបលុយ ពេលនោះជនរងគ្រោះដឹងទាន់ក៏ដេញចាប់បានម្នាក់។ ចំណែកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ ពេលនោះជនរងគ្រោះចាប់បានជនសង្ស័យដែលជាភេទទីបីនោះ វាយឡើងប៉ោងមុខទើបប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចប៉ុស្តិ៍សង្កាត់ទឹកថ្លា ធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅអធិការខណ្ឌចាត់វិធានការតាមច្បាប់៕ ដោយ មែន កំសត់