ត្បូងឃ្មុំ៖ រថយន្តដឹកស្រាបៀរបស់ក្រុមហ៊ុនស្រាបៀអង្គរ បានបើកទៅបុករះកូនកៅស៊ូក្រឡាប់តែម្នាក់ឯង ដោយនៅក្នុងរថយន្តពេញទៅដោយ ស្រាបៀ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២ និង ១០ នាទីយប់រំលងអាធ្រាត្រថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៦ ស្ថិតលើកំណាត់ផ្លូវជាតិលេខ ៧ ក្នុងភូមិស្លា ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
តាមការបន្លឺពីបុរសដែលជាអ្នកបើកបររថយន្តដឹកស្រាបៀរបស់ក្រុមហ៊ុននោះបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តនោះបានរបូតក្បាល់ ដាច់ភ្លើងចង្គ្រាងមុខទាំងសងខាង ធ្វើឲ្យរ៉េចង្កូតធ្លាក់ផ្លូវ ជ្រុលទៅមុខដើមកៅស៊ូបាក់អស់បួនប្រាំដើម ហើយក៏ក្រឡាប់ផ្ងាជើងតែម្ដងទៅ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងទៀតថា រថយន្តនេះ ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ 3A 0416 បើកពីលិចទៅកើត មកដល់កន្លែងកើតហេតុខាងលើ បានទៅបុកដើមកូនកៅស៊ូ ក៏ក្រឡាប់ផ្ងាជើងឡើងលើតែម្ដង ប៉ុន្តែមិនបណ្ដាលឲ្យអ្នកណាម្នាក់ទទួលរងគ្រោះថ្នាក់នោះទេ ៕ ដោយ ហ៊ាង អ៊ាមហុយ