បុរស​ស៊ីឈ្នួល​កាប់​ជ្រូក​លក់ ទីបំផុត​ស្លាប់​ដោយសារ​ជ្រូកបា​ខាំ​ដៃ​

14-January-2016 | ដោយ មួយឡា

បន្ទាយមានជ័យ​៖ បុរស​វ័យ​កណ្តាល​ម្នាក់ បាន​ស្លាប់បាត់​បង់ជីវិត​ចោល​ប្រពន្ធ​និង​កូន​៤​នាក់ ដោយសារតែ​ត្រូវ​ជ្រូកបា​ខាំ តាំងពីព្រឹក​ទៀបភ្លឺ​ថ្ងៃទី​១១​ខែមករា ហើយ​បន្ទាប់មក​ពិស​ជ្រាប​ចូលខ្លួន​បណ្តាល​ឲ្យ​ដាច់ខ្យល់​ស្លាប់​កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៦​ម្សិលមិញ​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ស្តង់​កាប់​ជ្រូក ក្នុងភូមិ​គល់ស្ពាន​១ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ គឹម ធួន អាយុ ៤១​ឆ្នាំ ប្រពន្ធ​មានឈ្មោះ សៀង ពៅ អាយុ​៤៦​ឆ្នាំ ក្រុមគ្រួសារ​នេះ​មានកូន​ប្រុស​ស្រី​ដល់​ទៅ​៤​នាក់ ប៉ុន្តែ​ឥឡូវ​ត្រូវ​នៅ​កំព្រា​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា បុរស​ដែល​ជ្រក​បា​ខាំ​ស្លាប់​នោះ កន្លង​មកជា​អ្នកស៊ីឈ្នួល​កាប់​ជ្រូក​ក្នុង​ស្តង់​កាប់​ជ្រូក​អស់​រយៈពេល​ជាង​១៥​ឆ្នាំ កន្លងមកហើយ​ដើម្បី​យកលុយ​មក​ចិញ្ចឹម​ប្រពន្ធ​កូន ។​

​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​កាប់​ជ្រូក​ក្នុង​ស្តង់​ជាធម្មតា តែ​ចង្រៃ​ចៃដន្យ​អ្វី ស្រាប់​តែមាន​ជ្រូកបា​មួយ​ក្បាល មក​ខាំ​ដៃ​របស់គាត់ ឈាម​ជោគ​ចេញ​ដៃ​ក្រោយពេល​ជូត​ឈាម​ហើយ​បុរស​នោះ​មិនបាន​ទៅ​ពេទ្យ​ចាក់​ថ្នាំ ដោយ​សំអាងថា​ជ្រូក​ខាំ​មិនមាន​រឿង​អ្វី​នោះឡើយ​។​

​លុះ​ចូលដល់​ថ្ងៃទី​១២ មករា ឆ្នាំ​២០១៦ ស្រាប់តែ​ពិស​ជ្រូក​ធ្វើទុក្ខ​ជ្រាបចូល​ក្នុង​ខ្លួន​ប្រកាច់​ពេញ​ផ្ទះ ពេលនោះ​ក្រុមគ្រួសារ​បាន​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ឯកជន តែ​គេ​អត់​ទទួល​ព្យាបាល ព្រោះ​សំអាងថា​បុរស​នេះ​គ្មាន​សង្ឃឹម​នឹង​រស់​នោះទេ ដោយ​ពិស​ជ្រូក​ជ្រាប​ពេញ​ខ្លួន​ក្រុមគ្រួសារ​ក៏បាន​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ជប៉ុន ស្រុក​មង្គល​បូរី​។ លុះ​នៅ​ម៉ោង​៧​ល្ងាច​ថ្ងៃ​ដដែល​ដោយសារ​ពេទ្យ​មិន​អាចជួយ​សង្គ្រោះបាន​ក៏​ស្លាប់​តែម្តង​។ សព​ត្រូវបាន​ប្រពន្ធ​ដឹកយក​មក​ផ្ទះ​លុះ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា​ឆ្នាំ​២០១៦ ក្រុមគ្រួសារ​បាន​ចាត់ចែង​សព​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​នេះ​ជា​រឿង​មួយ ដែល​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ត្រូវ​ចាប់អារម្មណ៍​ពេលដែល​មាន​ករណី​ជ្រូក​ខាំ​ត្រូវ​ចាក់​ថ្នាំ​ជាបន្ទាន់​ព្រោះ​ពិស​ជ្រូក​ក៏​ដូច​ពិស​ឆ្កែ​ដែរ អាច​បណ្តាល​ឲ្យ​ស្លាប់​បាន​ដូចគ្នា​៕ ដោយ មែន កំសត់​



ចំនួនអ្នកទស្សនា

    20507917

  • ថ្ងៃនេះ431
  • ម្សិលមិញ15191
  • សប្តាហ៍នេះ43581
  • ខែនេះ65461
  • ឆ្នាំនេះ65461
  • សរុប20507917