ភ្នំពេញ៖ កូនប្រុសនាយឧត្តមសេនីយ៍ផ្កាយមាស៤ ចៅ ភិរុណ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ចូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមច្បាប់ដោយភ្ជាប់សេចក្ដីសន្និដ្ឋានចោទប្រកាន់ពីបទ “ប៉ុនប៉ងឃាតកម្ម” ពាក់ព័ន្ធការបាញ់ប្រហារដោយកាំភ្លើងស្វ័យប្រវត្តិបណ្តាលឲ្យសន្តិសុខពីរនាក់នៅមុខក្លឹបកម្សាន្ត «មេនហាតធេនហូលីដេ» បណ្តាលឲ្យរងរបួសធ្ងន់។ រហូតមកទល់ព្រឹកថ្ងៃទី១៣ ខែមករា លោកព្រះរាជអាជ្ញារង ស៊ិន វីរៈបានចោទប្រកាន់រួចហើយនៅឡើយតែលោកចៅក្រមនៅពុំទាន់សម្រេចយ៉ាងណានៅឡើយទេ។
គួររំលឹកថា មានអំពើបាញ់ប្រហារដោយកាំភ្លើងស្វ័យប្រវត្តិលើហ្វូងមនុស្សក្នុងក្លឹបកម្សាន្តមេនហាតធេនហូលីដេ (HOLIDAY) បណ្តាលឲ្យសន្តិសុខ២នាក់រងរបួស ហើយជនដៃដល់ត្រូវបានអាវុធហត្ថចាប់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៣និង២០នាទីទៀបភ្លឺថ្ងៃទី១១ មករា ឆ្នាំ២០១៦ កន្លងទៅនេះ នៅចំណុចក្លោងទ្វារចូលក្លឹបកំសាន្ត មេនហាតធេនហូលីដេ ផ្លូវលេខ៦៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពីបុរសម្នាក់នេះ បានបាញ់ជាច្រើនគ្រាប់ចូលក្នុងក្លឹបបណ្តាលឱ្យរបួសសន្តិសុខយាមកាម២នាក់។
មន្ត្រីអាវុធហត្ថបានឲ្យដឹងថាក្រោយកើតហេតុភ្លាមៗ កម្លាំងអាវុធហត្ថខណ្ឌដូនពេញបានចេញអន្តរាគមន៍ចាប់ខ្លួនបុរសម្នាក់ ឈ្មោះ ចៅ រង្សី អាយុ៣០ឆ្នាំ មុខរបរយោធាអគ្គសេនាធិការ ស្នាក់នៅផ្ទះលេខ១១E0 សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាកូនប្រុសបង្កើត នាយឧត្តមសេនីយ៍ផ្កាយមាស៤ ចៅ ភិរុណ។ បន្ទាប់មកកម្លាំងអាវុធហត្ថបានចុះពិនិត្យនៅកន្លែងកើតហេតុនិងសាកសួរទៅលើសាក្សីថា ដំបូងឡើយជនសង្ស័យបានដឹកប្រពន្ធទៅរាំលេងនៅក្លឹបហូលីដេដោយមានគ្នា៧នាក់ ក្នុងនោះមានបងថ្លៃ និងមិត្តភិក្ដិផងដែរ។ ពេលកំពុងរាំលេងក៏មានក្រុមផ្សេងមកប៉ះចង្កេះប្រពន្ធហើយជនសង្ស័យជាប្តីបានខឹង ក៏បានឈ្លោះគ្នាក្នុងក្លឹបហើយសន្តិសុខក៏បានដេញចេញមកក្រៅ។ រំពេចនោះប្រពន្ធក៏បានទៅជាមួយបងថ្លៃបាត់ហើយសង្ស័យក៏បានជិះម៉ូតូទៅយកកាំភ្លើងនៅផ្ទះ។
ក្រោយមកក៏ជិះត្រឡប់មកវិញឈប់នៅមុខក្លឹបហើយបានទាញកាំភ្លើងចេញពីកែបម៉ូតូរួចស្រែករកឈ្មោះ "៧៩ជាប្រធានសន្តិសុខ" ឲ្យហៅក្រុមដែលប៉ះចង្កេះប្រពន្ធរបស់គាត់នោះចេញមកក្រៅដើម្បីដោះស្រាយគ្នា។ ប៉ុន្តែសន្តិសុខបាននិយាយសម្រួលចរចាមិនឲ្យចូលក្នុងក្លឹបខ្លាចមានរឿងធំព្រោះជនសង្ស័យមានកាន់កាំភ្លើងហើយស្ថិតក្នុងស្ថានភាពស្រវឹងទៀតផង។ ពេលនោះឈ្មោះ ដុំ ធី ហៅ២៩ បានព្យាយាមសម្រួលឲ្យជនសង្ស័យត្រឡប់ទៅវិញ ប៉ុន្តែជនសង្ស័យមិនព្រមក៏បានដកកាំភ្លើងបាញ់រះមកលើក្រុមសន្តិសុខហូលីដេតែម្តងបណ្តាលឲ្យរបួស២នាក់បញ្ជូនទៅពេទ្យកាល់ម៉ែត។
ក្រៅពីនោះសមត្ថកិច្ចបានដកហូតអាវុធវែង១ដើមម៉ាក AR15 លេខ5677 គ្រាប់ក្នុងបង់៦គ្រាប់និងសំបកគ្រាប់បាញ់ហើយចំនួន៦គ្រាប់និងម៉ូតូ០១គ្រឿងម៉ាកPCXពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FB-9233 ។ ក្រោយពេលឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថាកាំភ្លើងនោះរូបគាត់បានទិញពីទាហានម្នាក់នៅខេត្តប៉ៃលិន។ មន្ត្រីអាវុធហត្ថបន្តថាជនរងគ្រោះទី១-ឈ្មោះ កង ចិត្រា អាយុ៤៦ឆ្នាំ ជាប្រធានសន្តិសុខ និង ទី២ -ឈ្មោះ ដុំ ធី អាយុ៤២ឆ្នាំ ជាសន្តិសុខហើយពេលនេះជនរងគ្រោះកំពុងត្រូវសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីម្នាក់ត្រូវចំពោះ និងម្នាក់ទៀតត្រូវចំដៃខាងស្តាំ៕
ប្រភព៖ Newsfeed