កំពង់ចាម៖ នាយការិយាល័យប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលខេត្តកំពង់ចាម បានចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ដោយសហការជាមួយកំលាំងនគរបាលនៃអធិការនគរបាលស្រុកស្ទឹងត្រង់ បានធ្វើការឆែកឆេរ និងបង្ក្រាបករណីរក្សាទុកសារធាតុញៀនដឹកជញ្ជូននិងជួញដូរដោយខុសច្បាប់បាន១ករណី ឃាត់ខ្លួនជនសង្ស័យបាន២នាក់ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង១៥និង៣០នាទីនៅចំណុច ភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
យោងតាមរបាយការណ៍របស់លោកវរៈសេនីយ៍ឯក សោម រស់ នាយការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា៖ ជនសង្ស័យខាងលើនេះ ឈ្មោះ ស៊ឹម សុឃា ភេទប្រុសអាយុ៤១ឆ្នាំ (មុខសញ្ញាមានដីកាបង្គាប់ឲ្យនាំខ្លួនលេខ៣៤០៩ តព្រ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ចៅក្រមនៃសាលាដំបូងខេត្តកំពង់ចាម និងឈ្មោះ សឿន សុខលីម ភេទប្រុសអាយុ២៣ឆ្នាំ ជាមុខសញ្ញាថ្មី ជនសង្ស័យលើរស់នៅភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សមត្ថកិច្ច ដកហូតបានវត្ថុតាងមួយចំនួនដូចជា៖ ថ្នាំញៀនក្រាមពណ៌ស១កញ្ចប់តូច ទម្ងន់០,៧០ក្រាម ដាវសាម៉ូរ៉ៃ០១ និងសំភារៈវេចខ្ចប់មួយចំនួនទៀតផង។ បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានការិយាល័យជំនាញនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តកំពង់ចាម កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ មែន កំសត់