បន្ទាយមានជ័យ៖ ប្រពន្ធចិត្តសាមានអន្យតិរ្ថិយ ម្នាក់រស់នៅខេត្តបន្ទាយមានជ័យចោលស្វាមីរៀបការថ្មោងថ្មី មកសំងំសែនព្រននឹងប្រុសថ្មី នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយយកលេសប្រាប់គេឯងថា ឪពុកម្ដាយបងប្អូនធ្វើបាប។
យោងតាមភាគីម្ដាយឪពុកកូនស្រីដែលមិនស្គាល់អត្តសញ្ញាណម្នាក់នេះ បានឲ្យដឹងត្រួសៗថា កូនស្រីដែលមិនឲ្យតំលៃខ្លួន សុខចិត្តចោលប្ដីដែលបានរៀបការស្របច្បាប់ បែរជាមកសែនព្រេនជាមួយគូស្នេហ៍ ព្រោះតែភាពភ្លើតភ្លើនបណ្ដាលឲ្យនាងចោលប្ដី និងអ្នកមានគុណ រហូតដល់មានការប្ដឹងទាមទារសំណងជាប្រាក់ថ្លៃបណ្ដាការពីភាគីម្ខាងទៀតជាច្រើន។
ភាគីអ្នកមានគុណទាំង២បានរៀបរាប់ទាំងទឹកភ្នែកថា កូនស្រីសាមាន្យរបស់គាត់ បានសម្រេចចិត្តរៀបការនឹងបុរសម្នាក់ជាអ្នករាជការ មានមុខមានមាត់ម្នាក់នៅខេត្ត បន្ទាយមានជ័យ ហើយបានរៀបការនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ ការរួមរស់ប្រកបដោយភាពល្អូកល្អឺន យ៉ាងស្អិតរមួត បានជាង១០ថ្ងៃ។ លុះនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រុមគ្រួសារខាងប្រុសបានរៀបចំពិធីកាត់ចំណងដៃ នៅភោជនីយដ្ឋាន ឈូកទិព្វ នៅរាធានីភ្នំពេញ ក្រោយរយៈពេល៣ថ្ងៃ នៅថ្ងៃទី១៣ខែវិច្ឆិកានាងបានរត់ចេញពីប្ដីដោយមិនបានប្រាប់នរណាម្នាក់ឡើយ ធ្វើឲ្យគ្រប់គ្នាតាមរក តែមិនបានទទួលដំណឹងសោះ។
ស្រាប់តែនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ គឺបានឃើញទូរទស្សន៍ផ្សាយពីកូនស្រី ដឹកដៃប្រុសស្នេហ៍ទៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សុំការទទួលស្គាល់ការសែនព្រេនជាប្ដីប្រពន្ធ ដោយបានប្រាប់លោកចៅសង្កាត់ថា ម៉ែឪនាងវាយធ្វើបាបជំទាស់រករឿងបំបែកបំបាក់មិនឲ្យយកគ្នា ទើបទាំង២នាក់មកសុំការបញ្ជាក់ទទួលដឹងលឺនិងចុះសំបុត្រអាពាហ៍ពិពាហ៍ ពេលនោះលោក សុទ្ធ សាធ ចៅសង្កាត់បានឯកភាព និងព្រមព្រៀងហើយបានរៀបចំសែនព្រេនតាមប្រពៃណី ករណីនោះមជ្ឈដ្ឋានបានតិះដៀលម៉ែឪ យ៉ាងធ្ងន់ៗ។
ទើបនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ គាត់សំរេចចិត្ត រៀបរាប់បញ្ជាក់ប្រាប់ដល់ទូរទស្សន៍ដែលបានផ្សាយកន្លងមកនោះរួមទាំងការបកស្រាយពីប្ដី ដើម្បីឲ្យបានដឹងនិងឈប់ចាញ់បោកកូនស្រីខ្លួន ហើយគាត់បានបន្ថែមទៀតថា គាត់កំពុងតែត្រូវខាងភាគីប្ដីទាមទារសងបណ្ណការ តែបញ្ហានេះគាត់បានដោះស្រាយសំរបសំរួលរួចហើយ គាត់បានប្រាប់ទៀតថាគឺសូមកាត់ការលែងទទួលដឹងថានាងនេះជាកូនស្រីរបស់គាត់ទៀតហើយ គាត់សូមផ្ដាំដល់កូនប្រុសស្រីគួរគិតដល់ចិត្ត អ្នកមានគុណដែលជាអ្នកបីបាច់ថែរក្សារហូត ស្រលាញ់កូនរហូត ទីបំផុតរងទុក្ខនិងអាម៉ាសមុខ ដោយសារកូនអប្រិយទៅវិញដូចជារូបគាត់ជាដើម៕ ដោយ មែន កំសត់