ភ្នំពេញ៖ ក្រោយពី សវនាការពេញមួយព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ លោក ស្វាយ តុញ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ ឡេ ចន្ថា ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរមន្ត្រីនគរបាល ឲ្យជាប់ពន្ធនាគារកំណត់រយៈពេល ២៥ឆ្នាំ និងពិន័យជាប្រាក់ ១០០លានរៀលចូលថវិការរដ្ឋ ក្រោមបទចោទ ជូញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ១,៥៩៦.០០៦ក្រាម និងបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ប្រព្រឹត្តនៅផ្លូវលំ ភូមិទំនប់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ យោងតាមមាត្រា៤០ និង៤៥ នៃច្បាប់ស្តីពីការត្រួតពិត្យគ្រឿងញៀន។
នៅក្នុងសវនាការជនជាប់ចោទ បានសារភាពថា គ្រឿងញៀនទាំងអស់ខាងលើនោះ ខ្លួនបានពីឈ្មោះ សូនី តម្លៃ ៣៧,០០០ ដុល្លារ។ ជនជាប់ចោទបន្ដថា ឈ្មោះ សូនី ជាមេគ្រឿងញៀនរស់នៅពេជ្រនិល ហើយយកគ្រឿងញៀនមកឲ្យខ្លួននៅម្តុំវត្តដំបូកខ្ពស់។ ជនជាប់ចោទ បានទទួលស្គាល់ថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការមែន៕
ប្រភព៖ ann.com