ភ្នំពេញ៖ ឪពុកម្តាយ និងសាច់ញាតិជាច្រើននាក់ កំពុងតែភ័យស្លន់ស្លោយ៉ាងខ្លាំងហើយរត់ទៅពឹងសមត្ថកិច្ចឲ្យជួយ អន្តរាគមន៍តាមស្វែងរកក្រោយពេលដែលស្ត្រីជាអ្នកស៊ីឈ្នួលមើលក្មេងម្នាក់ បានលួចយកកូនស្រីរបស់ខ្លួនអាយុទើបតែ៩ខែ ចេញពីផ្ទះ ស្ថិតនៅផ្ទះលេខ៤ ផ្លូវលេខ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណជាង៥ទៀបភ្លឺ ព្រឹកថ្ងៃទី២២ខែមករា ឆ្នាំ២០១៦នេះ ។
ក្រុមគ្រួសារ និងឪពុកម្តាយក្មេងស្រីរងគ្រោះ បានដាក់ការសន្និដ្ឋានថាស្ត្រីស៊ីឈ្នួលរូបនេះ អាចយកកូនស្រី ជាទីស្រឡាញ់របស់ខ្លួន ទៅកាន់ប្រទេសថៃ។
លោក នូ ដារ៉ា អាយុ៣៨ឆ្នាំ ត្រូវជាពូរបស់ក្មេងស្រីតូចទាំងអារម្មណ៍តក់ស្លុកថា ស្ត្រីដែលលួចក្មួយស្រីរបស់គាត់នោះមានឈ្មោះ ជាតិ និមល អាយុ២៤ឆ្នាំ អាសយដ្ឋានមិនពិតប្រាកដ។
លោកបានបញ្ជាក់ថា ស្ត្រីរូបនេះក៏ជាសាច់ញាតិផងដែរប៉ុន្តែមួយរយៈចុងក្រោយនេះ នាងបានធ្វើលិខិតឆ្លងដែននិងមានអ្នកនៅ ប្រទេសថៃតេមកស្ទើររាល់ថ្ងៃ ដូច្នេះស្ត្រីរូបនេះ អាចចេញទៅប្រទេសថៃដោយយកក្មួយរបស់គាត់ទៅជាមួយ ខណៈឪពុកម្តាយ របស់ក្មេងស្រីរងគ្រោះ ដែលមានកូនលើកដំបូងទន់ដៃទន់ជើងអស់ហើយ រកធ្វើអ្វីមិនកើតទេ។
ឪពុកមារូបនេះ សូមអំពាវនាវដល់កម្លាំងសមត្ថកិច្ច គ្រប់គោលដៅ ទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ជួយទប់ស្កាត់ និងជួយអន្តរាគមន៍ផង៕
ប្រភព៖ Khmer79