ភ្នំពេញ៖ លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភានៃគណបក្សសម រង្ស៊ី ទទួលស្គាល់ថាពិតជាបានបង្ហោះសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ចូលផេកហ្វេសប៊ុក លោក សមរង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិប្រាកដមែន ។ ប៉ុន្តែលោកបញ្ជាក់ថាសន្ធិសញ្ញានេះគឺអ្នកកាន់ផេកហ្វេសបុក លោក សម រង្ស៊ី ជាអ្នកកាត់តបន្ថែម ។
ការទទួលស្គាល់របស់លោក ហុង សុខហួរ នាពេលនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ខណៈពេលដែលអនុរក្សពន្ធនាគារព្រៃស បញ្ជូនរូបលោកមកកាន់សាលាដំបូងរាជធានីភ្នំពេញ ក្នុងនាមជាសាក្សីឆ្លើយបំភ្លឺចំពោះការចោទប្រកាន់លើលោក សម រង្ស៊ី ដែលត្រូវតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងការក្លែងសន្ធិសញ្ញានេះ ។
បន្ទាប់ពីបញ្ចប់ការសាកសួរនៅដំណាក់កាលចៅក្រមស៊ើបសួរ ដែលធ្វើឡើងជាអសាធារណៈ ប្រភពព័ត៌មានច្បាស់ការណ៍បានបង្ហើបឲ្យដឹងថា លោក ហុង សុខហួរ បានទទួលស្គាល់ចំពោះមុខលោក កោ វណ្ឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញថា រូបលោកពិតជាបានបង្ហោះសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ចូលផេកហ្វេសប៊ុក លោក សមរង្ស៊ី ប្រាកដមែន ។
ប៉ុន្តែសន្ធិសញ្ញាទាំងនេះគឺអ្នកកាន់ផេកហ្វេសប៊ុករបស់លោក សម រង្ស៊ី ជាអ្នកកាត់ត បន្ថែមទៀត។ ជំនួយការផ្ទាល់របស់លោក ហុង សុខហួរ និង អ្នកកាន់ផេកហ្វេសប៊ុករបស់លោក សម រង្ស៊ី មានឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា និង ឈ្មោះ អ៊ុង ជុងលាង ព្រមទាំងលោក សម រង្ស៊ី ផ្ទាល់ផងនោះ ក៏ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនផងដែរ។ ប៉ុន្តែរហូតមកទល់ពេលនេះ សមត្ថកិច្ចពុំទាន់ចាប់ខ្លួនបាននៅឡើយទេ ព្រោះពួកគេគេចខ្លួនទៅក្រៅប្រទេសអស់បាត់ទៅហើយ៕ ដោយមែន កំសត់