ត្បូងឃ្មុំ៖ ដោយសារតែជំងឺប្រចាំកាយទើបបណ្តាលឱ្យបុរសម្នាក់ដាច់ចិត្តចងកសម្លាប់ខ្លួនឯង ដើម្បីបញ្ចប់ជីវិត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២យប់ រំលងអាធ្រាត្រថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នៅក្នុងភូមិថ្នល់ថ្មី សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
លោកវរសេនីយ៍ទោ ឈន សុធន អធិការនគរបាលក្រុងសួងបានបញ្ជាក់ឱ្យដឹងថាជនរងគ្រោះមានឈ្មោះ មួច អូន ភេទប្រុស អាយុ៣៣ឆ្នាំ មានប្រពន្ធឈ្មោះ ភឿន រ៉ា អាយុ២៧ ឆ្នាំ មានកូនចំនួន២នាក់ និងមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ លោកបានបញ្ជាក់បន្តថាជនរងគ្រោះមានជំងឺ រ៉ាំរ៉ៃប្រចាំកាយ បានទៅព្យាបាលនៅមន្ទីរពេទ្យជាច្រើនកន្លែង និងបានបញ្ចូលឈាមអស់ចំនួន២៨កំប្លោកហើយនៅតែមិនបានជាសះស្បើយទៀត ទើបសម្រេចចិត្តចងកសម្លាប់ខ្លួន ដោយបានយកខ្សែអង្រឹងចងក សម្លាប់ខ្លួនឯងនឹងដើមទៀបនៅចំណុចក្រោយ ផ្ទះម្តាយខ្លួន ឈ្មោះ យី ហេង អាយុ៦៧ ឆ្នាំនៅភូមិឃុំកើតហេតុ។
លោកបានបន្តថាករណីនេះ ក្រោយពីកើតហេតុត្រូវបានកម្លាំងសមត្ថកិច្ចជំនាញអធិការដ្ឋានក្រុងសួងចុះស្រាវជ្រាវ ស៊ើបអង្កេតនិងពិនិត្យសាកសព ឃើញថាជនរងគ្រោះពិតជាបានធ្វើអត្តឃាតដោយចងក សម្លាប់ខ្លួនឯងពិតប្រាកដមែន ហើយសមត្ថកិច្ចជំនាញក៏បានប្រគល់សាកសពជនរងគ្រោះឱ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីផងដែរ៕ ដោយហ៊ាង អ៊ាមហុយ
ប្រែសម្រួលដោយ មែន កំសត់