សៀមរាប៖ កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ មន្ទីរធម្មការខេត្ត រួមជាមួយកងរាជអាវុធហត្ថ ក្រោមបញ្ជារបស់លោកឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានចុះមកនាំខ្លួនលោកស្ត្រីម្នាក់ ដែលអង្គុយលើភ្នែនលោកយាយទេព កាលពីពេលកន្លងទៅដើម្បីយកទៅសាកសួរ និងធ្វើកិច្ចសន្យារបញ្ឈប់ទង្វើបែបនេះទៀត។ ករណីនេះកើតឡើងនៅចំណុចភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ឲ្យសារព័ត៌មានកំណើតថ្មីដឹងថា គ្រូស្រីបញ្ជាន់រូបនេះឈ្មោះឡាញ់ ស្រស់ អាយុ៣៥ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីឃាត់ខ្លួន គ្រូស្នងរូប នោះត្រូវយកទៅឲ្យសុំទោសជាសាធារណនៅចំពោះមុខរូបសំណាក លោកយាយទេព ចំពោះទង្វើជាន់ឈ្លីលើទីសក្ការៈរបស់មនុស្សទូទៅហើយតម្រូបឲ្យធ្វើ កិច្ចសន្យាបញ្ឈប់នូវសកម្មភាពរបស់ខ្លួន។ គ្រូស្នងរូប រូបនេះ មិនត្រូវបានដាក់ទោសទណ្ឌ ឬបញ្ជូនទៅតុលាការនោះទេ ដោយគ្រាន់តែធ្វើការអប់រំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពរបស់ខ្លួនតែប៉ុណ្ណោះ។
គួររំលឹកថា ពួកបារមីនិយម បានមកជាន់ឈ្លី ទីកន្លែងសក្ការៈ នៅតំបន់ព្រះអង្គចេក ព្រះអង្គចម ដោយមកអង្គុយលើ លោកសំណាកលោកយាយទេព ដែលមហាជនខ្មែរមានជំនឿរាប់ពាន់ឆ្នាំបានធ្វើឲ្យប្រជាពលរដ្ឋនៅខេត្ត សៀមរានមិនសប្បាយចិត្តទាល់តែសោះ។
លោកមុនី សុខា(Muny Sokha)បាននិយាយនៅក្នុងអាខោនហ្វេសបុករបស់លោកដែលបានបង្ហោះកាលពី ព្រឹកថ្ងៃទី២០មករានេះថា "ពួកបារមីនិយម បានមកជាន់ឈ្លី ទីកន្លែងសក្ការៈ នៅតំបន់ព្រះអង្គចេក ព្រះអង្គចម ដោយការមកអង្គុយលើ លោកសំណាកលោកយាយទេព ដែលមហាជនខ្មែរមានជំនឿរាប់ពាន់ឆ្នាំ "។ លោកមុនី សុខា បន្តថា "ករណីនេះ សូមឯកឧត្តម ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្ត សៀមរាប មេត្តាពិនិត្យ លទ្ធភាព និង ឲ្យជនបំពានដ៏ស្មោកគ្រោគនេះ មកធ្វើការសុំទោស ប្រជាជនខ្មែរ ទូទាំងប្រទេស ហើយផ្តន្ទាទោសជននេះ ឲ្យធ្ងន់ធ្ងរបំផុត" ។
នៅក្នុងរូបភាពដែលលោកបានបង្ហោះគេឃើញមានស្ត្រីម្នាក់តែងខ្លួនជា "តួល្ខោន"ទៅអង្គុយនៅមុខរូបសំណាកលោកយាយទេះ ក្បែរព្រះអង្គចេកព្រះអង្គចម សម្តែងឫទ្ធីអ្វីម្យ៉ាង ហើយមានពលរដ្ឋខ្លះទៅបួងសួងគាត់ថែមទៀត៕