សៀមរាប៖ ទំនាស់ពាក្យសម្តីបន្តិចបន្តួចក្នុងវង់ផឹកស៊ី បានធ្វើឲ្យនគរបាលបេតិកភ័ណម្នាក់ ទាញ់កាំភ្លើងAK47 បាញ់មិត្តភ័ក្តរបស់ខ្លួនម្នាក់ ចំ២គ្រាប់ បណ្តាលឲ្យស្លាប់ ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីទាបភ្លឺ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ នេះ នៅខាងជើងប៉ុស្តិ៍នគរបាល មុខប្រាសាទព្រះខ័ន ក្នុងភូមិលាងដៃ ឃុំលាងដៃ ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជាភារុណ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ។ រីឯជនសង្ស័យឈ្មោះ សួន គឹមសាន់ ភេទប្រុស ជាមន្ត្រីនគរបាលបេតិកភ័ណ ប្រចាំការនៅមុខប្រាសាទព្រះខ័ន មានទីលំនៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប។
សាក្សីបាននិយាយថា មុនពេលកើតហេតុ គេបានឃើញជនសង្ស័យ និងជនរងគ្រោះ ព្រមទាំងមានគ្នាចំនួន ៣នាក់ទៀត អង្គុយផឹកស៊ីនៅចំណុចខាងលើតាំងពីព្រលប់មកម្ល៉េះ ដល់ពេលកើតហេតុ ឈ្មោះ សួន គឹមសាន់ បានឈ្លោះប្រកែកគ្នាមួយជាជនរងគ្រោះ ស្រាប់តែជននោះ រត់ទៅយកកាំ១ដើមម៉ាក AK47 បាញ់មកលើជនរងគ្រោះ ២គ្រាប់ ត្រូវចំដៃខាងស្តាំមួយគ្រាប់ និងចំទ្រូងធ្លោះមកក្រោយមួយគ្រាប់ទៀត បណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង។ ភ្លាមៗនោះ ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលបាត់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកអន្តរាគមន៍ រួចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកជនសង្ស័យ សមត្ថកិច្ចកំពុងស្រាវជ្រាវ រកចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕