អគ្គិភ័យ​ឆេះ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ និង​ឃ្លាំង​ស្តុក​មីសួរ​៤​ខ្នង នៅ​សង្កាត់​បឹងទំពុន​

27-January-2016 | ដោយ មួយឡា

​ភ្នំពេញ​៖ គ្រោះ​អគ្គិភ័យ​ដែល​បាន​ឆាបឆេះ ផ្ទះ​របស់​ប្រជាពលរដ្ឋ​និង​ឃ្លាំង​ស្តុក​មីសួរ ស្តុក​ខោ​ទឹកនោម ស្ថិតនៅ​តាមផ្លូវ​លេខ ៣៧១ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ បាន​រលត់ទៅវិញ​ហើយ នៅវេលា​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី រសៀល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦​នេះ ក្រោយ​កម្លាំង​អាជ្ញាធរ កម្លាំង​សមត្ថកិច្ច​និង​រថយន្ត​ពន្លត់​អគ្គិភ័យ បើក​ប្រតិបត្តិការ ជួយ​បាញ់​ពន្លត់ភ្លើង​រយៈពេល​ជាង​មួយ​ម៉ោង​មកនេះ ។​

លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ ដឹកនាំ​កម្លាំង​ទៅ​ជួយ​អ​ន្តា​គម​ន៍ ករណី​អគ្គិភ័យ​នេះ បាន​ប្រាប់​ឲ្យ​ដឹងថា មកដល់​ម៉ោង​៣​និង​៣០​នាទី យើង​អាច​គ្រប់គ្រង​បាន​ហើយ​។ ភ្លើង​បាន​ឆេះ​ផ្ទះ​ចំនួន​៤​ខ្នង ក្នុងនោះ​ផ្ទះ​ចំនួន​២​ខ្នង​ត្រូវបាន​ឆេះ​បំផ្លាញ​ទាំងស្រុង និង​២​ខ្នង​ទៀត​ឆេះ​អស់​៥០​ភាគរយ​ហើយ នៅពេលនេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​កំពុង​បន្ត​បាញ់​ឲ្យ​រលត់​ទាំងស្រុង​នៅក្នុង​ឃ្លាំង​ស្តុក​ទុក​ខោ​ទឹកនោម​»​។​

​លោក​អភិបាលរងខណ្ឌ បាន​បញ្ជាក់ថា ជាការ​សន្និដ្ឋាន​នោះ គឺ​ភ្លើង​ចាប់ផ្តើម​ឆេះ​ចេញពីផ្ទះ បើក​ម៉ាស្សា​កោស​ជប់ ដែល​អាច​បណ្តាល មក​ទុស្សេ​ខ្សែភ្លើង​។ សម្រាប់​ប្រតិបត្តិការ​ពន្លត់​គ្រោះ​អគ្គិភ័យ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាង​១០​គ្រឿង និង​ដឹក​ទឹក​មក​បាញ់​ពន្លត់​អស់​ប្រមាណ​២០​ជើង​។ យ៉ាងណាក៏ដោយ ទំហំ​នៃ​ការខូចខាត​នោះ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​រង់ចាំ​អាជ្ញាធរ និង​សមត្ថកិច្ច សួរនាំ​សិន​។

​សូមបញ្ជាក់ថា អគ្គិភ័យ​ខាងលើនេះ​បាន​កើតឡើង​តាំងពី​ម៉ោង​ប្រមាណ​២​រសៀល ថ្ងៃ ២៦ ខែ មករា ឆ្នាំ ២០១៦ ម្សិលមិញ​នេះ​៕ ដោយ​មែន​កំសត់

ចំនួនអ្នកទស្សនា

    20514007

  • ថ្ងៃនេះ6521
  • ម្សិលមិញ15191
  • សប្តាហ៍នេះ49671
  • ខែនេះ71551
  • ឆ្នាំនេះ71551
  • សរុប20514007