នគរបាល​ស្ពាយ​កាំភ្លើង​យាម​ប្រចាំការ​ម្នាក់ ត្រូវ​ក្រុមចោរ​ស្ទាក់​បាញ់​ប្លន់​យក​ម៉ូតូ​បានសម្រេច​

27-January-2016 | ដោយ មួយឡា

​ភ្នំពេញ​៖ មន្ត្រីនគរបាល​ម្នាក់​ដែល​ជិះ​ម៉ូតូ​ទៅ​យាម​ប្រចាំការ​នៅ​ការដ្ឋាន​សំណង់​ព្រះវិហារ តាម​ប្រឡាយទឹក ស្ថិតនៅ​ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជាប់​ព្រំប្រទល់​ខណ្ឌដង្កោ ត្រូវបាន​ក្រុមចោរ​មាន​គ្នា​៣​នាក់ ចេញមក​ស្ទាក់​ហើយ​បាញ់​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​ទៅ​បាត់​ដោយ​សុវត្ថិភាព នៅ​ចន្លោះ​ម៉ោង​៧​ទៅ​ម៉ោង​៨​យប់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦​នេះ ។​

​តាម​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​មន្ត្រីនគរបាល​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បើក​ម៉ូតូ​មួយគ្រឿង ម៉ាក​សេ​១២៥ សេរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ​1BR-5389​។​

​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ដោយ​ស្ពាយ​កាំភ្លើង​មួយ​ដើម​យកទៅ​ជាមួយ​លុះ​ពេល​ជិះ​ជិត​ដល់​កន្លែងកើតហេតុ ជា​កន្លែង​យាម​ប្រចាំ​ការដែល​នៅជាប់​ព្រំប្រទល់​ខណ្ឌដង្កោ​នោះ ក៏​លេច មុខ​ជនសង្ស័យ​៣​នាក់ អង្គុយចាំ​នៅលើ​ភ្លឺ​ប្រឡាយ​ប្រដាប់​ដោយ​កាំភ្លើង ចេញមក​ស្ទាក់ ហើយ​ភ្ជង់​បាញ់​២​គ្រាប់​ប្លន់​យក​ម៉ូតូ​បើក​គេច​ដោយ​សុវត្ថិភាព​។ តាម​សេចក្តីរាយការណ៍ ជនរងគ្រោះ​ក៏​បាញ់​ត្រឡប់​ទៅវិញ​ដែរ តែ​ករណីនេះ​មិន​បណ្តាល​ឲ្យ​ជនរងគ្រោះ​រងរបួស​នោះទេ​។​

​ក្រោយ​កើតហេតុ កម្លាំង​នគរបាល និង​កម្លាំង​អាវុធហត្ថ ជាច្រើន​នាក់ បាន​ចុះទៅ​ជួយ​អន្តរាគមន៍​ភ្លាមៗ​ផងដែរ តែ​ក្រុមចោរ​បាន​រត់គេចខ្លួន​បាត់​៕

ចំនួនអ្នកទស្សនា

    20518667

  • ថ្ងៃនេះ11181
  • ម្សិលមិញ15191
  • សប្តាហ៍នេះ54331
  • ខែនេះ76211
  • ឆ្នាំនេះ76211
  • សរុប20518667