ស្ទឹងត្រែង៖ ក្រោយមានព័ត៌មាន ចុះផ្សាយថាព្រះរាជអាជ្ញាបានបញ្ជាឲ្យ សមត្ថកិច្ចដោះលែងថៅកែសិប្បកម្មទឹកកកដែលបើករថយន្តសេរីទំនើបម៉ាក TUNDRA បុកម៉ូតូបណ្តាលឲ្យជនរងគ្រោះជាប្តីស្លាប់និងប្រពន្ធរងរបួសនោះ ស្រាប់តែនៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ដដែលនោះ ព្រះរាជអាជ្ញាខេត្តស្ទឹងត្រែង លោក ជា ពេជ្យ បានចេញមកឆ្លើយតបភ្លាមៗថា លោកមិនបានបញ្ជាឲ្យមានការដោះលែងនោះឡើយ មានតែប្រាប់ទៅសមត្ថកិច្ចឲ្យស្រាវជ្រាវ តាមចាប់ជនបង្កយកមកផ្ទន្ទាទោសតាមផ្លូវច្បាប់ ។
លោក ជា ពេជ្យ ថែមទាំងបានប្រាប់ថាចំពោះសំណុំរឿងមួយនេះ ខាងកម្លាំងសមត្ថកិច្ច មិនបានរាយការណ៍ ជូនលោកនោះឡើយពេលក្រោយកើតហេតុ ពោលគឺលោកបានដឹងករណីនេះតាម រយៈសារ និងរបាយការណ៍នៅក្នុង Group Telegram របស់ខេត្តតែប៉ុណ្ណោះ។
លោក ពេជ្យ ថា «សមត្ថកិច្ចមិនបានរាយការណ៍ឲ្យខ្ញុំដឹងនោះទេ ១យប់១ថ្ងៃហើយខ្ញុំទើបតែបានឃើញរបាយការណ៍ របស់លោកអធិការក្រុងនៅក្នុង Group Telegram របស់ខេត្តប៉ុណ្ណោះ ពេលនោះខ្ញុំក៏បានប្រាប់ទៅវិញ សូមឲ្យសមត្ថកិច្ចចុះតាមស្រាវជ្រាវ រកអ្នកបើកបរឲ្យបាន ហើយសុំគោលការណ៍មកខ្ញុំ ដើម្បីឃាត់ខ្លួនយកដាក់ទោសតាមផ្លូវច្បាប់ ពីព្រោះរាជរដ្ឋាភិបាលបានរឹតបន្តឹងច្បាប់ចរាចរណ៍ហើយ»។
ជាមួយគ្នានេះ លោកព្រះរាជអាជ្ញាថែមទាំងបានប្រាប់ទៅអធិការក្រុងស្ទឹងត្រែង នៅម៉ោងសម្រាក នៃកិច្ចប្រជុំបូកសរុបការងារខេត្ត នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ទៀតថា ត្រូវបញ្ជូនមន្ត្រីនគរបាលចរាចរណ៍ ចុះទៅសួរនាំ នៅកន្លែងខារ៉ាអូខេ «កាឡាក់ស៊ី» ដើម្បីមើលតាម កាម៉េរ៉ាសុវត្ថិភាព រកមុខអ្នកបើករថយន្ត ពីព្រោះជនបង្កគ្រោះថ្នាក់ចរាចរណ៍ បានបើកចេញពីទីតាំងខារ៉ាអូខេនោះទាំងស្រវឹង។
យ៉ាងណាក៏ដោយ លោកព្រះរាជអាជ្ញា មិនបានដឹងថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺជានរណានោះឡើយ ខណៈប្រជាពលរដ្ឋ និងសាក្សីមួយចំនួនអះអាងថាជាថៅកែសិប្បកម្មផលិតទឹកកក នៅខេត្តស្ទឹងត្រែងដ៏មានលុយ និងមានឥទ្ធិពលពីព្រោះសំណុំរឿងគ្រោះថ្នាក់ ចរាចរណ៍រហូតមានអ្នកស្លាប់ និងអ្នករងរបួសបែរជាសមត្ថកិច្ច មិនបានរាយការណ៍ជូនលោកឲ្យបានដឹង និងសុំគោលការណ៍តាមផ្លូវច្បាប់នោះទេ។
នៅក្បាលព្រលប់ថ្ងៃដដែលនេះ នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង លោក គង់ រតនា បានប្រាប់ឲ្យដឹងថា ថៅកែទឹកកកនោះត្រូវបានលោកព្រះរាជអាជ្ញាបញ្ជាឲ្យទៅវិញ ដោយមានអ្នកធានា។ នាយការិយាល័យចរាចរណ៍រូបនេះ បានបញ្ជាក់ថាមូលហេតុដែលនាំឲ្យលោកព្រះរាជអាជ្ញាដោះលែងនោះ ក៏ព្រោះតែថៅកែលក់ទឹកកកបានអះអាងថា ខ្លួនមិនបានបើករថយន្តទេ គឺមិត្តភក្តិរបស់ខ្លួន ខ្ចីទៅបើក។
សូមបញ្ជាក់ថា បុរសជាប្តីបានស្លាប់ភ្លាមៗនិងប្រពន្ធរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ដោយសារបុរសម្នាក់ដែលត្រូវគេស្គាល់ថា ជាថៅកែលក់ទឹកកក ប្រចាំខេត្តស្ទឹងត្រែងបើករថយន្តស៊េរីទំនើបម៉ាក TUNDRA ចេញពីច្រៀងសប្បាយ នៅហាងខារ៉ាអូខេយីហោ «កាឡាក់ស៊ី» ក្នុងស្ថានភាពស្រវឹង បានរ៉េចង្កូតទៅបុកម៉ូតូរបស់ជនរងគ្រោះទាំង២នាក់ ដែលកំពុងឌុបគ្នា។
នគរបាលចរាចរណ៍ប្រចាំខេត្តស្ទឹងត្រែង បានរាយការណ៍នៅរសៀលថ្ងៃទី២៥ ខែមករា ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ ត្រង់ចំណុចជិតខារ៉ាអូខេ «ឦសានមនោរម្យ» ស្ថិតក្នុងភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។
មន្ត្រីនគរបាលចរាចរណ៍ខេត្តបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាកធុនត្រា (TUNDRA) ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AD-6119 បើកបរដោយឈ្មោះ ឡោ លីផេង ភេទប្រុស អាយុ៤១ឆ្នាំ ជាម្ចាស់សិប្បកម្មផលិតទឹកកកនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។
ចំណែកម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខស្ទឹងត្រែង 1A-5577 បើកបរពីលិចមកកើត (ច្រាសទិស) បើកបរដោយឈ្មោះ ព្រហ្ម សំរិត ភេទប្រុសអាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យ មានមុខរបរជាមេភូមិ និងប្រពន្ធឈ្មោះ ពុធកៃសន ភេទស្រី អាយុ៤៨ឆ្នាំ បានរងរបួសធ្ងន់ និងមានទីលំនៅភូមិថ្មីសង្កាត់សាមគ្គី ក្រុង-ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានបន្តទៀតថាសាក្សីនៅកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុ ម្ចាស់រថយន្តស៊េរីទំនើបបានចេញពីច្រៀងខារ៉ាអូខេ ក្នុងស្ថានភាពស្រវឹងជោក បើកបរក្នុងល្បឿនលឿនខណៈជនរងគ្រោះ២នាក់ប្តីប្រពន្ធ កំពុងជិះម៉ូតូច្រាសទិសគ្នាក៏ត្រូវរថយន្តរ៉េចង្កូត បុកពេញទំហឹង បង្កឲ្យបុរសជាប្តីបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ រីឯប្រពន្ធបានរងរបួសធ្ងន់បាក់ឆ្អឹងជំនី បាក់ជើងឆ្វេង និងបាក់ដៃឆ្វេង ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ២១ យោធភូមិភាគទី១។ ភ្លាមនោះម្ចាស់រថយន្ត បានបើកយកទៅរក្សាទុកនៅក្នុងរោងសិប្បកម្មផលិតទឹកកក បាត់តែម្ដង។
ក្រោយកើតហេតុគេបានឃើញនគរបាលចរាចរណ៍ស្នងការដ្ឋាននគរបាលខេត្តចុះទៅដល់កន្លែងកើតហេតុនិងធ្វើការស្រាវជ្រាវសាកសួរសាក្សីឃើញហេតុការណ៍ ទើបរថយន្តបង្កបានបើករត់គេចយកទៅលាក់ទុកនៅកន្លែងសិប្បកម្មផលិត ទឹកកកតែត្រូវបានសមត្ថកិច្ចតាមរកឃើញនាំយករថយន្តបង្កនិងម៉ូតូមកកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ជាមួយករណីនេះ សមត្ថកិច្ចមិនពិបាកស្វែងរកចាប់ខ្លួនអ្នកបើករថយន្តបង្កនោះឡើយ ពោលគឺគ្រាន់តែទៅសួរនាំនៅកន្លែងខារ៉ាអូខេទៅ គឺជាការរួចរាល់ ជាពិសេសក្រុមសន្តិសុខ ដែលយាមប្រចាំការនៅទីនោះនឹងដឹងច្បាស់ណាស់ថានរណាជាអ្នកបើករថយន្តទំនើបមួយនេះ៕
ប្រភព៖Fresh News