ភ្នំពេញ៖ លោកគ្រូអ្នកគ្រូចំនួន ៦៤ នាក់និងសិស្សសាលាជម្ពូវ័នស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យកាលពីម្សិលមិញ បាននាំគ្នាធ្វើការតវ៉ាក្រោយពីមិនពេញចិត្តនិងការផ្លាស់ប្តូរនាយករងសាលានេះពីរនាក់ដោយមិនផ្តល់ហេតុផលនិងមិនពេញចិត្តនាយកសាលាថ្មី។
លោកគ្រូអ្នកគ្រូនិងសិស្សាសាលាជម្ពូវ័នបានចេញមកកាន់បដាស្វែងរកការអន្តរាគមន៍ពីមន្ទីរអប់រំ និងផ្តិតមេដៃទាមទារឲ្យនាយកសាលារងទាំងពីរនាក់គឺ លោក ខាត់ សេងលី និងលោក កែវ គង់ ដែលត្រូវបានផ្លាស់ប្តូរឲ្យទៅបង្រៀននៅសាលាបឋមសិក្សាសុភមង្គល និងសាលាបឋមសិក្សាពូនភ្នំឲ្យមកបង្រៀននៅសាលានេះវិញ។
នៅក្នុងបដាតវ៉ាសរសេរថា «តើគាត់មានកំហុសអ្វីខ្លះ? សូមរកកំហុសឲ្យច្បាស់? តើមានការប្រជុំគ្រូៗដែរឬទេពីការដកនេះ?» ក្រុមអ្នកតវ៉ានិយាយថាពួកគេមិនប្រឆាំងនឹងចំណាត់ការរបស់មន្ទីរទេតែសូមឲ្យនាយករងទាំងពីរនៅបង្រៀនសាលាបឋមសិក្សាជម្ពូវ័នដដែលពីព្រោះគាត់ដឹកនាំសាលានេះតាំងពីកវែកកឆ្នាំងមិនដែលមានភាពល្អក់កករជាមួយគ្រូណាទេ។
អ្នកគ្រូ ទេព ចាន់ថុន បានឲ្យដឹងថានាយករងសាលាទាំងពីរនាក់ «គាត់បង្រៀននៅទីនេះ ៣០ឆ្នាំហើយគាត់មានទំនាក់ទំនងល្អជាមួយគ្រូៗ យកអាសាគ្រូៗ រឿងអីទៅដកគាត់ចេញពីសាលា»។
ចំណែកអ្នកគ្រូម្នាក់ទៀតឈ្មោះ ស៊ិន ផល្លី ក៏បានឲ្យដឹងដែរថាចាប់តាំងពីនាយកសាលាថ្មីលោក ស្វាយ សារុន មកបំពេញការងារក្នុងសាលាតែងតែមានបញ្ហា។ អ្នកគ្រូថា៖«មួយឆ្នាំហើយដែលសាលាចេះតែមានរឿងថ្នាំងថ្នាក់និងគ្នាទើបចេញមកតវ៉ាឲ្យជួយអន្តរាគមន៍»។
លោកគ្រូ ខាត់ សេងលី ជានាយករងដែលត្រូវបានផ្លាស់ទៅសាលាថ្មីបានថ្លែងថាលោកនិងនាយករងម្នាក់ទៀតទើបដឹងដំណឹងគេឲ្យទៅបង្រៀននៅសាលាថ្មីកាលពីល្ងាចថ្ងៃចន្ទទី២៥ ខែមករា ទាំងហួសចិត្ត។ លោកគ្រូថា៖ «វាអយុត្តិធម៌ពេកសម្រាប់ពួកខ្ញុំអត់ដឹងគេចោទប្រកាន់អី»។
បន្ទាប់ពីមានការតវ៉ា លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យបានចុះទៅសម្របសម្រួលស្នើឲ្យលោកគ្រូអ្នកគ្រូចូលបង្រៀនជាធម្មតាវិញរង់ចាំការប្រជុំដោះស្រាយរបស់មន្ទីរអប់រំ និងថ្នាក់លើ។
កិច្ចប្រជុំមួយបានធ្វើឡើងភ្លាមៗពីសំណាក់មន្ត្រីពាក់ព័ន្ធនិងលោកស្រី ឯម ហ៊ា អនុប្រធានមន្ទីរអប់រំ យុវជននិងកីឡារាជធានីភ្នំពេញ ដោយកិច្ចប្រជុំបានលើកឡើងពីកំហុសនាយករងសាលាដែលត្រូវបានផ្លាស់ប្តូរទាំងពីររូប ពាក់ព័ន្ធនឹងថវិកាសាលានិងមានភាពមិនប្រក្រតីមួយចំនួន៕
ប្រភព៖ postkhmer