បុរស​ម្នាក់​ស្លាប់​ដោយ​ការបាញ់ប្រហារ ទាំង​មិនដឹង​មូលហេតុ នៅ​ស្រុក​ភ្នំស្រួច

28-January-2016 | ដោយ ម៉ែន កំសត់

កំពង់ស្ពឺ​៖ សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ជាង​៩​យប់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ មាន​ករណី​បាញ់ប្រហារ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ស្ថិតនៅ​ដី​របស់​ឧកញ៉ា អ៊ុក ឃុន តាមផ្លូវ​ជាតិ​លេខ​៤ គីឡូម៉ែត្រ​លេខ​៨៣ ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ប៉ុន្តែ​មិនទាន់​ដឹង​មូលហេតុ​នៅឡើយ​ទេ​។​

​លោក សោម បូរ៉ា ស្នងការរង​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹង​នៅមុននេះ​បន្តិច​ថា លោក​ក៏​ទើប​បានទទួល​ព័ត៌មាន​នេះដែរ ប៉ុន្តែ​មិនទាន់​អាចនិយាយបាន​ទេ ដោយ​រង់ចាំ​កម្លាំង​នគរបាល​របស់លោក ចុះទៅ​កាន់​ទីនោះ​សិន​ដើម្បី​សួរនាំ​និង​ស្រាវជ្រាវ​។​

​មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ស៊ុន ដា​វីត អាយុ​១៨​ឆ្នាំ ជា​កម្មករ​ចាំ​ដី​ឲ្យ​ក្រុមហ៊ុន​របស់​ឧកញ៉ា អ៊ុក ឃុន មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម ត្រូវបាន​ជនល្មើស​បាញ់​ចំនួន​៣​គ្រាប់​ចំ​ភ្នែក មាត់ និង​ច្រមុះ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង នៅ​ខាងក្រោយ​ក្រុមហ៊ុន​ឧកញ៉ា អ៊ុក ឃុន​។​

​សម្រាប់​មូលហេតុ​វិញ ត្រូវបាន​មន្ត្រី​អាវុធហត្ថ​សន្និដ្ឋានថា​អាច​បណ្តាលមកពី​ជម្លោះដីធ្លី​។ នៅពេលនេះ​កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់​បាន​នឹង​កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​តាម​ចាប់​ជនល្មើស​៕ ដោយ មែន កំសត់

 

ចំនួនអ្នកទស្សនា

    20513177

  • ថ្ងៃនេះ5691
  • ម្សិលមិញ15191
  • សប្តាហ៍នេះ48841
  • ខែនេះ70721
  • ឆ្នាំនេះ70721
  • សរុប20513177