ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការកោះប្រជុំពិភាក្សាជាមួយឯកអគ្គរាជទូតនិងអគ្គកុងស៊ុលខ្មែរប្រចាំនៅក្រៅប្រទេស នៅទីស្តីការក្រសួងការបរទេស ក្នុងរាជធានីភ្នំពេញ ហើយកិច្ចប្រជុំនេះ នឹងផ្តោតលើការងាររបស់ឯកអគ្គរាជទូតនិងអគ្គកុងស៊ុលខ្មែរប្រចាំនៅក្រៅប្រទេស ដែលបានធ្វើកន្លងមក និងបញ្ហាប្រឈមនានា។
ក្នុងកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានដាស់តឿនឯកអគ្គរាជទូត និងអគ្គកុងស៊ុល នៅក្រៅប្រទេស កុំចាំតែមានការណែនាំពីក្រសួង ត្រូវមានគំនិតផ្តួចផ្តើមអោយបានច្រើនក្នុងការផ្សព្វផ្សាយពីសភាពការពីប្រទេសកម្ពុជាទៅបរទេស និងតាមដានសភាពការក្នុងប្រទេស ក៏ដូចជានៅក្នុងប្រទេសដែលស្នាក់នៅ ឬក្នុងតំបន់។
លោកបានរិះគន់ចំៗថា"រយៈកន្លងមក ខ្ញុំសូមអាធ្យាស្រ័យ និយាយគ្នាអោយចំៗទៅ ឯកអគ្គរាជទូតយើងនៅបរទេស ហាក់ដូចជាទៅសន្សំតែលុយ មានភាពស្រួល មានអ្នកធ្វើបាយ មានអ្នកបើកឡាន កន្លែងស្នាក់នៅល្អ ការងារតិច សូមអធ្យាស្រ័យ ខ្ញុំសូមនិយាយអោយត្រង់"។
សូមជម្រាបជូនថាឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជានៅក្រៅប្រទេសមានចំនួន៣៤ ក្នុងនោះឯកអគ្គរាជទូតមានចំនួន២៦ និងអគ្គកុងស៊ុលមានចំនួន៨៕