ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចឲ្យអ្នកបើកបរទោចក្រយានប្រភេទ ក១ មានកម្លាំង១២៥សេសេចុះ ដែលរាជរដ្ឋាភិបាល លើកលែងមិនបាច់មានប័ណ្ណបើកបរនោះ មកដល់ពេលនេះ ក្រសួងមហាផ្ទៃ បានសម្រេចឲ្យអ្នកបើកបរទាំងនោះ ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរ នៅពេលធ្វើដំណើរនៅតាមដងផ្លូវ។
នៅក្នុងពិធីបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកប្រចាំខែមករា ឆ្នាំ២០១៦ នាល្ងាចថ្ងៃទី១ ខែកុម្ភៈ នៅទីស្តីការក្រសួង សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការតម្រូវអ្នកបើកបរ ត្រូវមានអត្តសញ្ញាណប័ណ្ណភ្ជាប់ជាមួយពេលធ្វើដំណើរចំពោះអ្នកបើកបរគ្មានប័ណ្ណបើកបរនោះធ្វើឡើង ក្នុងគោលបំណងផ្តល់ភាពងាយស្រួលដល់គ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ និងងាយកំណត់បាននូវអត្តសញ្ញាណនៃអ្នកបើកបរឲ្យបានច្បាស់ នៅពេលអ្នកបើកបរនោះមានគ្រោះថ្នាក់ ឬមានបញ្ហាចរាចរណ៍ផ្សេងៗនៅតាមដងផ្លូវ ។
តាមការបញ្ជាក់ពីឯកឧត្តម តូច ច័ន្ទកុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា តាមច្បាប់ចរាចរណ៍ថ្មីដែលមានមាត្រាមួយចំនួនត្រូវបានធ្វើការកែប្រែឡើងវិញនោះ ក្នុងនោះសម្រាប់អ្នកបើកបរទោចក្រយានមានស៊ីឡាំងក្រោម១២៥សេសេចុះ គឺអនុញ្ញាតឲ្យបើកបរបានចាប់ពីអាយុ១៥ឆ្នាំ ឡើងទៅ និងមានអត្តសញ្ញាណប័ណ្ណ ។ ដោយឡែក រ៉ឺម៉ក់ម៉ូតូកង់បី ដែលប្រើប្រាស់ម៉ូតូលើក្រោម១២៥សេសត្រូវនឹងអាចតម្រូវមានប័ណ្ណបើកបរជាធម្មតា។
គួរបញ្ជាក់ របាយការណ៍អានដោយឧត្តមសេនីយឯក ហ៊ឹម យាន អគ្គស្នងការរងនគរបាលជាតិ បញ្ជាក់ថា មួយខែដើមឆ្នាំ២០១៦នេះ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍១៨២នាក់ កើនឡើង៣៤នាក់ បើធៀបនឹងរយៈពេលដូចគ្នានៅក្នុងខែមុននេះ។ ដោយឡែកចំនួនអ្នករបួសវិញនៅក្នុងខែមករានេះ គឺបានកើតមានចំនួន៩៥១នាក់កើនឡើង៧០នាក់។ មូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះ គឺបានកើតឡើងដោយសារល្បឿនមាន៤៥% វ៉ាជែងគ្នា១៣% មិនគោរពសិទ្ធអាទិភាព ១១% គ្រោះថ្នាក់ដោយសារស្រវឹងមាន១០% បត់ខុស៨% មិនប្រកាន់ស្តាំ៨% ក្រៅពីនេះគ្រោះថ្នាក់ដោយសារយានយន្ត និងកត្តាផ្សេងៗទៀត។
ក្នុងរយៈពេលនៃការអនុវត្តច្បាប់ចរាចរណ៍ថ្មីនៅក្នុងខែមករាកន្លងមកនេះ គឺសមត្ថកិច្ចនគរបាលមិនទាន់បានអនុវត្តច្បាប់ពេញលេញនោះទេ ហើយមានការបន្ធូរបន្ថយ ពោល គឺគ្រប់អ្នកដែលបើកបរប្រព្រឹត្តផ្ទុយពីច្បាប់ សមត្ថកិច្ចបានត្រឹមតែឃាត់ហៅគាត់មកអប់រំណែនាំឲ្យគាត់អនុវត្តច្បាប់ និងដឹងពីកំហុស ដោយឡែកបញ្ហាកំហុស ឆ្គងផ្នែកប័ណ្ណបើកបរ ស្លាកលេខយានយន្ត ឆៀក និងការផ្ទេរកម្មសិទ្ធយានយន្ត ក៏នៅមិនទាន់បានប្រកាសអនុវត្តបានពេញលេញ ហើយបញ្ហានេះចាប់ពីក្រោយថ្ងៃទី១៥ ខែមិនាឆ្នាំ២០១៦តទៅ នឹងត្រូវបានអនុវត្តជាផ្លូវការ៕