ខេត្តកំពង់ឆ្នាំង ៖ ឈើដើមម្រះព្រៅភ្នំ មានមុខធំៗជាង១ម៉ែត្រ ដឹកតាមរថយន្តតាកូម៉ា១គ្រឿងរបស់មន្ត្រីយោធាស័ក្តិ៥ម្នាក់ ត្រូវបានសមត្ថកិច្ចសម្រុះ សហការគ្នាស្ទាក់ចាប់បាន កាលពីម៉ោង១១ និង៣០នាទីយប់ថ្ងៃទី៣១ មករា ២០១៦ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ចំណុចមុខសាលាបឋមសិក្សាគំរូជ្រៃបាក់ ក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ហើយត្រូវបានសមត្ថកិច្ចយករថយន្ត និងវត្ថុតាងទាំងនោះ មកខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង និងធ្វើការពិនិត្យរាប់ចំនួននៅព្រឹកថ្ងៃទី១ កុម្ភៈ ២០១៦ ។
លោក ហោ ដារា នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំងឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អ សមត្ថកិច្ចក្នុងផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានស្ទាក់ចាប់បានរថយន្តម៉ាកតាកូម៉ាពណ៌ឈាមជ្រូក១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2I-1418 ដឹកឈើម្រះព្រៅភ្នំ មានមុខធំគ្របតង់ខៀវជិត ប៉ុន្តែបានធុំក្លិនម្រះព្រៅ ភាយមកក្រៅ ដែលមិនអាចលាក់បាំងបានឡើយ ។
ក្រោយពីទទួលបានបញ្ជាពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង រថយន្តនិងឈើម្រះព្រៅភ្នំនេះ ត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកទាំងយប់នៅក្នុងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ។ ចំណែកអ្នកបើកបររថយន្ត និងម្ចាស់ឈើជិះក្នុងរថយន្តនេះចំនួន២នាក់ មិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឡើយ។
នៅព្រឹកថ្ងៃដដែលនោះដែរ ក្រោមការដឹកនាំរបស់លោកគឹម ហុងសាន ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត បានដឹកនាំសមត្ថកិច្ចធ្វើការឆែកឆេរសម្ភារនៅក្នុងរថយន្តឃើញមានអាវយោធាមួយរបស់ម្ចាស់រថយន្តមានឈ្មោះវរសេនីយឯក ទេព ហុង អត្តលេខ ០៥៤៥៨៣ និងនៅលើកញ្ចក់រថយន្តមានស្លាកសម្គាល់ក្រសួងមហាផ្ទៃ និងកងយោធពលខេមរភូមិន្ទចំនួន២សន្លឹកផងដែរ និងបានប្រគល់ឱ្យសមត្ថកិច្ចជំនាញវាស់វែងឈើជាវត្ថុតាងកសាងសំណុំរឿងតាមនីតិវិធី ។
លោក ហោ ដារា នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំងឱ្យដឹងថា ក្រោយពីការវាស់វែងរួច ទិន្ន័យឈើទាំងអស់នៅលើរថយន្តនេះមានចំនួនជិត៣ម៉ែត្រគូប ក្នុងនោះមានប្រភេទឈើម្រះព្រៅ ភ្នំមុខធំៗចំនួន៩ដុំ ឈើបេង៥ដុំ និងឈើច្រៀករួចជាគ្រឿងសង្ហារឹមតូចៗមួយចំនួនទៀត។
សមត្ថកិច្ចបានអោយដឹងទៀតថា ឈើម្រះព្រៅភ្នំមានអាយុរាប់រយឆ្នាំដែលជនល្មើស បានដឹកនៅលើរថយន្តចេញពីព្រៃភ្នំខេត្តពោធិ៍សាត់ ជាក្តារធំៗមានកម្រាស់ពី១តឹតកន្លះ ទៅ១តឹក៧ហ៊ុន ទទឹងពី១ម៉ែត្រ ទៅ១ម៉ែត្រ៣តឹក និងបណ្តោយ៣ម៉ែត្រ សរុបមានចំនួន៤សន្លឹក ។ ចំណែកឈើម្រះព្រៅមូល១ដុំធំ មានមុខកាត់ប្រមាណ១ម៉ែត្រកន្លះ ដែលឈើដ៏កម្រនេះទំរាំមានទំហំប៉ុណ្ណឹង គឺមានអាយុប្រមាណ៣ ទៅ៤រយឆ្នាំ និងមានតម្លៃរាប់ម៉ឺនដុល្លារ មិនគួរឱ្យគេកាប់បំផ្លាញបានដូច្នេះឡើយ ។
ប្រភព៖ កោះសន្តិភាព