ត្បូងឃ្មុំ: បុរសម្នាក់និងមិត្តភក្តិម្នាក់ទៀត បានរងរបួសធ្ងន់និងស្រាល ក្នុងគ្រោះថ្នាក់បើករថយន្តលឿនពេក មិនប្រយ័ត្នត្រង់ផ្លូវកោងបួងចង្កូតមិនទាន់ បានជ្រុលទៅបុករបងភូមិគ្រឹះសម្តេចពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បណ្តាលឲ្យបាក់អស់២ផ្ទាំង។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១និង៥០នាទី យប់ថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៨ ត្រង់ផ្លូវបំបែកជា៣ ភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញ្ញាក្រែក ខេត្ត ត្បូងឃ្មុំ។
អ្នកបើករថយន្តឈ្មោះ ណុច ភេទ អាយុ៣១ឆ្នាំ រងរបួសស្រាល រីឯអ្នករួមដំណើរជាមួយឈ្មោះ សវ៉ាន់ វឌ្ឍនាសារភូមិ អាយុ៤០ឆ្នាំ រងរបួសបាក់ដៃខាងឆ្វេង ។
មុនពេលកើតហេតុ មានបុរស២នាក់បានជិះរថយន្តមួយគ្រឿងម៉ាក Mercedes ពណ៌ទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ 2F-9970 ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុករបងភូមិគ្រឹះរបស់សម្តេច ហេងសំរិន ពេញទំហឹងបណ្តាលឲ្យបាក់អស់២ផ្ទាំង និងបណ្តាលឲ្យអ្នកដែលជិះនៅក្នុងរថយន្តទាំង២នាក់រងរបួស ធ្ងន់និងស្រាល។
ក្រោយកើតហេតុ អ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ។ ចំណែករថយន្តបង្ក ត្រូវបានកម្លាំងជំនាញ បានស្ទួចយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ស្រុកពញ្ញក្រែក ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ប្រភពៈ cen