អ្នកសារព័ត៌មាន កម្លាំង​មនុស្សធម៌​ម្នាក់ ត្រូវ​អ្នកដំណើរវាយ​បោក​ទូរស័ព្ទ iPhone 6Plus បែកខ្ទេច

03-February-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖ អ្នកសារព័ត៌មាន​កម្លាំង​មនុស្សធម៌​ម្នាក់ ត្រូវបាន​អ្នកជិះ​ម៉ូតូ​បញ្ច្រាស់​ផ្លូវ​ទាញយក​ទូរស័ព្ទ​ម៉ាក iPhone 6Plus បោក​ចោល នៅពេល​ចុះជួយ​សម្រួល​ចរាចរណ៍​តាម​ដងផ្លូវ ដែល​កំពុង​កកស្ទះ នៅ​ល្ងាច​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ស្ថិតនៅត្រង់​មុខ​សាលា​ណត​ប្រ៊ី​ដ​តាមផ្លូវ​២០០៤ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​អ្នកសារព័ត៌មាន ដែល​ត្រូវបាន​អ្នកជិះ​ម៉ូតូ​ទាញយក​ទូរស័ព្ទ​បោក​ចោល​នោះ បាន​ប្រាប់​ឲ្យ​ដឹងថា ស្ទើរតែ​រាល់ថ្ងៃ ក្រុម​របស់​ពួកគាត់ គឺ​កម្លាំង​សារព័ត៌មាន​មនុស្សធម៌ តែងតែ​ដើរ​ជួយ​សម្រួល ចរាចរណ៍​នៅតាម​ដងផ្លូវ ដែល​កកស្ទះ​នានា ក្នុង​រាជធានី​ភ្នំពេញ​។ ហើយ​នៅ​ល្ងាច​ថ្ងៃ មុន​កើតហេតុ ពួកគេ​បាន​ចុះមក​សម្រួល​ចរាចរណ៍ នៅ​កន្លែងកើតហេតុ​ខាងលើ ប៉ុន្តែ​នៅពេល ដែល​ជួយ​សម្រួល​ចរាចរណ៍​បាន​ជិត​មួយ​ម៉ោង ក៏បាន​ឃើញ​បុរស​វ័យ កណ្តាល​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ViVa មក​បញ្ច្រាស់​ផ្លូវ ធ្វើ​ឲ្យ​ស្ទះ​ដល់​គេ ដល់​ឯង​។ ឃើញ​រូបលោករ​ត់ទៅ​ឃាត់ កុំ​ឲ្យ​ជិះ​របៀបនេះ ពីព្រោះ​ផ្លូវ​កំពុងតែ​ស្ទះ​ផង​តែ​បុរស​ដែល​ជិះ​ម៉ូតូ​នោះ មិន​ស្តាប់​ទេ​នៅតែ​ប្រឹង​ព្យាយាម ជិះ​មក​មុខ​ទៀត ដោយនិយាយ​មិន​ស្តាប់ អ្នកសារព័ត៌មាន​រូប​នោះ បាន​ទាញ​ទូរស័ព្ទ​មក​ថត​សកម្មភាព ជិះ​ម៉ូតូ​បញ្ច្រាស់​ផ្លូវ ទុក​រាយការណ៍​ទៅប្រាប់​គោលដៅ​ថា ស្ទះផ្លូវ​មកពី​មនុស្ស​មួយចំនួន មិន​គោរព​ច្បាប់​ចរាចរណ៍ តែ​ថត​មិនទាន់បាន​១​នាទី​ផង ស្រាប់តែ​អ្នកជិះ​ម៉ូតូ​រូបនោះ ខឹង​បាន​ទាញ​ទូរស័ព្ទ​របស់គាត់ បោក​ចោល​ទៅលើ​ថ្នល់ បណ្តាល​ឲ្យ​បែក​អេក្រង់​ខ្ទេច​តែម្តង​។​

​ក្រោយ​កើតហេតុ ត្រូវបាន សមត្ថកិច្ច​ចុះមក​នាំយក អ្នករងគ្រោះ និង​អ្នកបង្ក​ទៅ​ដោះស្រាយ​គ្នា នៅ​ប៉ុស្តិ៍​សង្កាត់​ត​ទឹកថ្លា​ដើម្បី​បញ្ចប់រឿង​៕

ចំនួនអ្នកទស្សនា

    19630717

  • ថ្ងៃនេះ2061
  • ម្សិលមិញ2891
  • សប្តាហ៍នេះ20911
  • ខែនេះ67011
  • ឆ្នាំនេះ403271
  • សរុប19630717