នគរបាល​រាជធានី ភ្នំពេញ​«​អ្នក​ចាប់​ជនល្មើស​នគរបាល ឯ​តុលាការ ជា​អ្នក​លែង និង​ទារ លុយ​»

04-February-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖​លោក​វរៈសេនីយ៍ឯក ប៊​ន សំអាត ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ ចំពោះ​ចំណាត់ការ​ទន់ខ្សោយ​រប​ស់​មន្ត្រី​តុលាការ​ទាំង​ព្រះរាជអាជ្ញា និង​ចៅក្រម ក្រោយពី​ជនសង្ស័យ​២៥​នាក់​ពាក់ព័ន្ធ នឹង​បទល្មើស​គ្រឿងញៀន ដែល​កម្លាំង​នគរបាល​ចាប់ខ្លួនបាន​នោះ ត្រូវបាន​ដោះលែង​អស់ហើយ បន្ទាប់ពី​បញ្ជូន ទៅកាន់​តុលាការ នៅ​ថ្ងៃទី​៣ ខែកុម្ភ​: ឆ្នាំ​២០១៦​នេះ​។​

​លោក ប៊​ន សំអាត ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ផែន​គ្រឿងញៀន បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ថា ជនសង្ស័យ​ទាំងអស់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ត្រូវបាន​លោក​ព្រះរាជអាជ្ញារង អ៊ុំ សុភ័ក្ត្រ ដោះលែង​អស់ហើយ ក្រោយ​ចាប់ខ្លួន ជា​បន្តបន្ទាប់​ដែល​ខ្លះ​នៅ​តំបន់​បឹង​ឈូក​ដ៏​ស្មុគស្មាញ​។​
​ស្នងការរង​រូបនេះ បាន​បញ្ជាក់ថា «​យើង​ជា​សមត្ថកិច្ច​តាម​ចាប់ចង់​ងាប់​គ្មាន​ពេលដេក​ពួន តែ​ពេល​បញ្ជូនទៅ​តុលាការ​ស្រាប់តែ​ដោះលែង ដោះលែង​... គ្មាន​ការគិតគូ​ពី​ភាព​នឿយហត់​របស់​សមត្ថកិច្ច​នោះឡើយ​» ។​
​លោក​បាន​បន្តទៀតថា «​តាម​បញ្ជា​ពី​លោក​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្នងការ គឺ​អ្នកប្រើប្រាស់​ត្រូវបញ្ជូន​ទៅ​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ ប៉ុន្តែ​ពេល​យើង​ខំ​ទៅ​ចាប់ ដើម្បី​រក្សា​សន្តិសុខ​តាម​មូលដ្ឋាន កាត់បន្ថយ​បទល្មើស​លួច ឆក់ ប្លន់​... បែរជា​លោក​ព្រះរាជអាជ្ញា និង​លោក​ចៅក្រម​មួយចំនួន ដោះលែង​ទាំងអស់ តើ​យុត្តិធម៌​ទេ ហើយ​ខ្ញុំ​ប្រតិកម្ម​បែបនេះ ចង់​ដកដំណែង​ខ្ញុំ​នៅ​ថ្ងៃស្អែក ក៏​ដក​ទៅ​...»​។​

​បើតាម​ស្នងការរង​រូបនេះ កន្លងទៅ​ក៏មាន​ព្រះរាជអាជ្ញា និង​ចៅក្រម​មួយចំនួន បាន​ដោះលែង​មុខសញ្ញា​គ្រឿងញៀន​នេះ ដោយ​គ្មាន​ផ្តល់ដំណឹង​ដល់​សមត្ថកិច្ច​នោះឡើយ សូម្បីតែ​តែ​ការអំពាវនាវ​របស់​ចៅហ្វាយក្រុង ក៏​មិន​ស្តាប់​ផង ដូច្នេះ​លោក​សូម​អំពាវនាវ​ដល់​តុលាការ គិតគូ​ពី​ការនឿយហត់ និង​ការលំបាក​របស់​សមត្ថ​កិច្ច​ផង កុំ​ឲ្យ​ចាប់​បញ្ជូនទៅ​ដោះលែងៗ​នោះ តើ​យើង​មាន​កម្លាំង​ឯណា​ចុះ​ចាប់​ជនល្មើស​ទៀត​។​

​ដោយឡែក លោក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ ក៏បាន​បញ្ចេញ​ប្រតិកម្ម​ផងដែរ ចំពោះ​ចំណាត់ការ​របស់លោក​ព្រះរាជអាជ្ញា និង​ចៅក្រម​ដែល​បាន​ដោះលែង​ជន​គ្រឿងញៀន​ទាំងនេះ ក្រោយពី​កម្លាំង​នគរបាល​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ដើម្បី​កាត់បន្ថយ​បទល្មើស តាម​មូលដ្ឋាន ជាពិសេស​បញ្ហា​គ្រឿងញៀន​នេះ​តែម្តង​។ នេះ​បើ​យោងតាម​មន្ត្រីនគរបាល​ខណ្ឌ​សែន​សុខ បាន​លួច​បង្ហើប​យ៉ាង​ដូច្នេះ​។​​ពាក់ព័ន្ធ​នឹង​ករណីនេះ យើងខ្ញុំ​មិនអាច​សុំ​ការបំភ្លឺ​ការ​ពី​ខាង​ស្ថាប័ន​តុលាការ បាន​នោះទេ គិត​ត្រឹម​រសៀល​ថ្ងៃនេះ​។​

​បញ្ជាក់​នៅ​យប់​ថ្ងៃទី​២ ខែកុម្ភ​: ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​តាម​មូលដ្ឋាន បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​គ្រឿងញៀន ជា​បន្តបន្ទាប់​រហូត​ឈានទៅដល់​ការចាប់ខ្លួន ជនសង្ស័យ​២៥​នាក់ ដកហូត​ថ្នាំ​ជាង​៥០​កញ្ចប់ និង​ម៉ូតូ​១០​គ្រឿង ហើយក៏​បញ្ជូន​ខ្លូន​ទៅ​តុលាការ ស្រាប់តែ​តុលាការ​សម្រេច​ដោះលែង​ទាំងអស់​តែម្តង​៕

ចំនួនអ្នកទស្សនា

    20516537

  • ថ្ងៃនេះ9051
  • ម្សិលមិញ15191
  • សប្តាហ៍នេះ52201
  • ខែនេះ74081
  • ឆ្នាំនេះ74081
  • សរុប20516537