ភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ បានបង្ហាញថា មានមនុស្ស ១៨៨នាក់បានស្លាប់បាត់បង់ជីវិត។ ចំនែកអ្នករងរបួសវិញ មានចំនួន ៦៣៧នាក់ ក្នុងនោះ មានអ្នករបួសធ្ងន់ ៣៣៨នាក់ និងរបួសស្រាល ២៩៩នាក់។ នេះបើយោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លួវគោកនៅទូទាំងប្រទេស របស់នាយកដ្ឋានសណ្តាប់ធ្នាប់ និងចរាចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
តាមរបាយការណ៍ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះគឺបង្កឡើង ដោយ ការបើកបរល្បឿនលឿនមាន ១៤៦លើក ស្រវឹង មាន៣៤លើក ប្រជែងគ្នា៤៤លើក មិនគោរណសិទ្ធ ៣៤លើក និងប្រកាន់ស្តាំ ២៦លើក បត់គ្រោះថ្នាក់ ២៦លើក និងកត្តាយានយន្ត មាន៧លើក។
សូមបញ្ជាក់ថា ខេត្តដែលរងគ្រោះថ្នាក់ និងរងគ្រោះច្រើនជាងគេមាន ដូចជា រាជធានីភ្នំពេញ មាន២៤លើក ស្លាប់១៨នាក់ របួសសរុប៣០នាក់។ នៅខេត្តបន្ទាយមានជ័យ មាន២២លើក ស្លាប់១៥នាក់ របួស៥៣នាក់។ ចំនែកខេត្តកំពង់ស្ពឺ មាន២២លើក ស្លាប់២១នាក់ រងរបួស៩២នាក់។ខេត្តពោធិ៍សាត់ មាន២១លើក ស្លាប់១៩នាក់ របួសសរុប ៥១នាក់។ ខេត្តកំពង់ធំ មាន១៩លើក ស្លាប់១៣នាក់ របួសសរុប១២នាក់ ខេត្តកណ្តាល មាន១៦លើក ស្លាប់១៣នាក់ របួសសរុប ១២នាក់ និងខេត្តព្រៃវែង ១៥លើក ស្លាប់ ១៥នាក់ របួសសរុប២០នាក់៕