ភ្នំពេញ ៖សិល្បៈករកំប្លែងមួយរូបខុសខ្នាតគឺនាងកាតុំអ៊ឺត កាលពីព្រឹកថ្ងៃទី៧ខែកុម្ភៈបានទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីតាមមើលគូដណ្តឹងដែលសមត្ថកិច្ចនគរបាល ខណ្ឌសែនសុខ ចាប់បញ្ជួនទៅពាក់ពន្ធ័ករណីថាបានលេងល្បែងស៊ីសងដោយខុសច្បាប់។ គូដណ្តឹងនាងកាតុំអ៊ឺត ឈ្មោះ ភួង ភិន អាយុ២៤ឆ្នាំ មិនទាន់មានមុខរបរពិតប្រាកដ។
នៅសាលាដំបូងរាជធានីភ្នំពេញនាងកាតុំអ៊ឺត បានរៀបរាប់ថា បុរសឈ្មោះភួង ភិន ជាគូដណ្តឹងរបស់នាងពួក គេ និងត្រូវចាស់ទុំផ្សំផ្គុំរៀបចំអាពាហ៍ពិពាហ៍ ក្នុងរយៈពេល៤ខែខាងមុខទៀតនេះ ។ កាតុំអ៊ឺត បន្តថាសព្វថ្ងៃបើទោះបីពួកគេមិនទាន់បានរៀបការស្របច្បាប់ក្តី ក៏ពួកគេស្រឡាញ់គ្នាដូចប្តីប្រពន្ធទៅហើយ គ្រាន់តែមិនទាន់បានធ្វើអ្វីឲ្យខុស និងជ្រុលជ្រុះពីប្រពៃណីនោះទេ តែពួកគេស្រឡាញ់គ្នាស្មោះអស់ពីដួងចិត្ត ។
ពិតណាស់រាល់ថ្ងៃពួកគេបាននៅជាគូដណ្តឹងមែន តែចាត់ទុកជាប្តីប្រពន្ធទៅហើយ បានជានាងនិយាយយ៉ាងដូច្នេះ ពីព្រោះពេលនាងទៅណាមកណាក្នុងពិធីទៅសម្តែងសិល្បៈត្រូវបាន គូដណ្តឹងម្នាក់នេះជូនទៅមកជាប្រចាំ ។ តារាមួយដួងបែបខុសខ្នាតបន្តទៀតថា នៅថ្ងៃដែលសមត្តកិច្ច ចាប់ខ្លួនគូដណ្តឹងនាង ពេលនោះគូដណ្តឹងបានឌុបនាងទៅសម្តែងក្នុងកម្មវិធីមួយ ពេលនាងកំពុងសម្តែងលើឆាក គូដណ្តឹងបានទុកម៉ូតូនៅចាំខាងក្រោម។
ស្របគ្នានោះមាន វង់ល្បែងមួយវង់គេលេងក្បែរនោះ ហើយគូដណ្តឹងរបស់នាងក៏បានទៅឈមើលចំពេលសមត្ថ កិច្ចចុះបង្ក្រាប ក្រុមអ្នកលេង និងមេវង់មានខ្លួនគេរត់គេចអស់គូដណ្តឹងនាងគិតថាគេអត់បានលេងផង រត់ទៅណា ក៏ត្រូវសមត្ថកិច្ចនាំខ្លួនតែម្តង និងបានកសាងសំណុំរឿងបញ្ជួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញទៀតផង។ ៣យប់៣ថ្ងៃហើយ គូដណ្តឹងនាងមិនទាន់ត្រូវបានរួចខ្លួនវិញទេ ហើយក៏មិនដឹងថា វាសនាគាត់យ៉ាងម៉េចទៅទៀត។
ដោយក្តីស្រឡាញ់ និងភាពអាណិតអាសូរគូដណ្តឹង នាងបានតាមយកបាយទឹកទៅឲ្យគូដណ្តឹងរហូតដល់សាលាដំបូងដែលថ្ងៃនេះចំ ថ្ងៃចូលឆ្នាំចិន-វៀតណាមផង។ ចំថ្ងៃចូលឆ្នាំប្រពៃណីចិន-វៀតណាមនេះហើយ ដែលតាមបណ្តាំលោកប៉ាជួង ជី ហៅកុយ ផ្តាំថាថ្ងៃសែនចូលឆ្នាំចិន ឲ្យនាងនាំគូដណ្តឹងទៅផ្ទះគាត់ ហើយបើនាងមិននាំគូដណ្តឹងទៅទេ ប៉ាកុយក៏មិនទៅចូលរួមក្នុងពិធីមង្គលការនាងដែរ។ និយាយដល់ត្រង់ចំណុចនេះនាងកាតុំអ៊ឺត អាក់អួលដើមកស្ទើហូរទឹកភ្នែកនាងបន្តថា ឲ្យនាងទៅផ្ទះប៉ាកុយម៉េចរួច បើគូដណ្តឹងនាងនៅក្នុងទ្រុងរបស់សមត្ថកិច្ចនៅឡើយ ដូច្នេះនាងគិតថា និងរកពេលវេលាណាជូនដំណឹងទៅលោកប៉ាកុយកុំឲ្យគាត់ប្រកាន់ខឹង។
បានសង្កេតឃើញសកម្មភាពនាងកាតុំអ៊ឺត ពិតជាស្រឡាញ់គូដណ្តឹងណាស់ នាងទិញបាយទឹកយកទៅឲ្យគូដណ្តឹងពេលជូបគ្នាហុចបាយទឹកដែលម្នាក់នៅ ខាងក្រៅម្នាក់នៅក្នុងទ្រុង នាងកាតុំអ៊ឺតប្រើពាក្យពេចន៍យ៉ាងទាន់ភ្លន់(បងៗ)ញ៉ាំបាយ ញ៉ាំទឹកទៅកុំបារម្មណ៍ បងពិតជាគ្មានទោសទេ គ្រាន់តែឈរមើលអ្នកលេងល្បែងនោះ តែពេលនេះទុកពេលឲ្យសមត្ថកិច្ចតុលាការអនុវត្តតាមនិតិវិធី។
ចំពោះមុខមន្ត្រីនគរបាលដែលនាំខ្លួនគូដណ្តឹងនាងកាតុំអ៊ឺត នៅសាលាដំបូង និយាយសួរនាំកំប្លែងលេងជាមួយនាងថា នាងទាបអញ្ចឹងហើយប្តីខ្ពស់ស្រឡាញ់គ្នាកើតដែរ ? កាតុំអ៊ឺតឆ្លើយថា នេះជាធម្មជាតិ។ កាតុំអ៊ឺត និយាយចំអកទៅនគរបាលវិញថា ពេលនាងរៀបការហើយនាងប្រយុទ្ធឲ្យបានកូនពីរនាក់ទើបឈប់OK។ តារាកំប្លែងនិយាយលេងច្រើនជាមួយនគរបាល ទំនងនាងចង់បំបាត់អារម្មណ៍ខ្វល់ខ្វាយចំពោះគូដណ្តឹងកំពុងមានរឿង៕