ព្រះសីហនុ ៖នគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនបុរសជនជាតិអេ ស្ប៉ាញម្នាក់ ដែលបានសម្លាប់មិត្តភក្តិរបស់ខ្លួននៅប្រទេសថៃ ហើយរត់គេចមកលាក់ខ្លួននៅក្នុងខេត្តព្រះសីហនុ ។ការឃាត់នេះបានធ្វើឡើងនៅហាងជនបរទេស យីហោ ឆាលី ហេបភី ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ នាយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦ ។
មន្ត្រីនគរបាលខេត្តព្រះសីហនុ បានឲ្យដឺងថា បុរសជនជាតិអេស្ប៉ាញម្នាក់នេះ មានឈ្មោះ Segarra Princep ឆ្នាំកំណើត ៣១.០៥.១៩៧៩ កាន់លិខិតឆ្លងដែនលេខ AAI ៥១៥៩៩៤មានសុពលភាព ២៩.០១.២០២៤ ទិដ្ឋាការលេខ TI ០៩៧៥៨១៤៩ មានសុពលភាព ០៨.១០.២០១៥ ។
បុរសជនជាតិអេស្ប៉ាញម្នាក់នេះ បានសម្លាប់មិត្តភ័ក្ដិរបស់ខ្លួនទម្លាក់ចោលក្នុងទឹក នៅប្រទេសថៃ ហើយរត់គេចខ្លួនចូលមកប្រទេសកម្ពុជា ក៏មកសម្ងំលាក់ខ្លួននៅក្នុងក្រុងព្រះសីហនុ បានមួយរយៈ ទើបកម្លាំនគរបាលអន្តោប្រវេសន៍ ទទួលព័ត៌មានពីនាយដ្ឋានអន្តោប្រវេសន៍ ទើបឈានទៅដល់ការឃាត់ខ្លួន បុរសជនជាតិអេស្ប៉ាញម្នាក់នេះបានតែម្តង ។
នគរបាលបព្ជាក់ថា ក្រោយពីធ្វើការសួររួចហើយ នគរបាលខេត្តព្រះសីហនុ បានបញ្ជូនបុរសជនជាតិអេស្ប៉ាញម្នាក់នេះទៅនាយដ្ឋាន អន្តោប្រវេសន៍ក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕