ភ្នំពេញ៖គ្រោះអគ្គិភ័យទូទាំងប្រទេស ថ្ងៃចូលឆ្នាំប្រពៃណីចិន-យូន ត្រូវនឹងថ្ងៃ០៧ និងទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ មានគ្រោះអគ្គិភ័យកើតទ្បើងចំនួន៤ លើក ឆេះផ្ទះអស់១០៣ខ្នង បណ្តាលមកពីមូលហេតុ ដុតភ្លើងទៀន ធូប។នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្ក្រោះ របស់ក្រសួងមហាផ្ទៃ។
របាយការណ៍បានឲ្យដឹងបន្តទៀតថា ក្នុងនោះរាជធានីភ្នំពេញ ៖នៅវេលាម៉ោង ១១ ព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០១៦ ស្ថិតនៅក្រុមទី១៨ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ ម្ចាស់ផ្ទះឈ្មោះ អ៊ីម ស្រី អាយុ ៣៦ឆ្នាំ ត្រូវបានភ្លើងឆេះ ដោយការអុជធូប ទៀន អស់បន្ទប់ស្នាក់នៅរបស់កម្មករ ទំហំ ៦គុណនឹង១៦ម៉ែត្រ សង់អំពីឈើប្រក់សង្ក័សី។ ក្នុងកិច្ចប្រតិបត្តិការនេះបានប្រើប្រាស់រថយន្តអគ្គិភ័យចេញពន្លត់ ចំនួន ៥ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤រថយន្ត ស្មើនឹង៣៦ម៉ែត្រគូប ពន្លត់ចប់នៅម៉ោង ១១:៣០ នាទីព្រឹកថ្ងៃដដែល។
នៅខេត្តកំពង់ស្ពឺ ថ្ងៃទី០៧ ខែកុម្ភៈ នៅម៉ោង ១៣:៤៥នាទីរសៀល នៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ឆេះផ្ទះរបស់ឈ្មោះ កែម សារិទ្ធ ភេទ ប្រុស ដោយមូលហេតុ ក្មេងលេងភ្លើងបណ្តាលឲ្យខូចខាត ឆេះផ្ទះចំនួន៤ខ្នង។ កិច្ចប្រតិបត្តិការនេះ ប្រើរថយន្តចេញពន្លត់ចំនួន៧គ្រឿង ក្នុងនោះរថយន្តអគ្គិភ័យខេត្តកំពង់ស្ពឺ១គ្រឿង ស្នងការខេត្តកណ្តាលចំនួន២គ្រឿង និង ង៧០ ចំនួន៤គ្រឿង។ប្រើប្រាស់ទឹកអស់ចំនួន១៦រថយន្ត។ ប្រតិបត្តិការត្រូវបានបញ្ចប់នៅម៉ោង ១៥:៣០នាទីរសៀល ថ្ងៃខែឆ្នាំដដែល។
នៅកំពង់ធំ នៅរសៀលម៉ោង ១៣:៣០នាទី ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅភូមិសូរិយ៉ា ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ឆេះផ្ទះឈ្មោះ តាប់ វ៉ា ភេទ ប្រុស អាយុ ២៨ឆ្នាំ បណ្តាលមកពីមូលហេតុ ដុតភ្លើងទៀន ធូប ខូចខាត ផ្ទះ២ខ្នង ផ្ទះ៤x៦ម៉ែត្រ ប្រក់ស្លឹកជញ្ជាំងក្តា ស្រូវ៤០បេ លុយ៨០ម៉ឺនរៀល និងសម្ភារៈមួយចំនួនទៀត។ ប្រតិបត្តិការនេះប្រើរថយន្តពន្លត់អគ្គិភ័យចេញប្រតិបត្តិការមិន ទាន់ពេលវេលា ករណីកន្លែងកើតហេតុមានចំងាយឆ្ងាយ។
នៅរាជធានីភ្នំពេញ ថ្ងៃទី៨ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង១រំលងអធ្រាត្រអគ្គិភ័យឆេះបំផ្លាញទាំងស្រុង ផ្ទះប្រជាពលរដ្ឋ៩៧ខ្នង នៅក្រោយស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច (Caltex) សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បណ្តាលមកពីប្រជាពលរដ្ឋ ដុតផាវ និងកាំជ្រួចដើម្បីអបអរសាទរ បុណ្យចូលឆ្នាំចិន។ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២១ គ្រឿង ស្មើនឹង ៦៦ ជើង និងអូប័រចំនួន ២ គ្រឿង ក្នុងនោះគឺ ៖ រថយន្តរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ១៩ គ្រឿង រថយន្តមកពីខេត្តកណ្តាលចំនួន ១ គ្រឿង រថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ១គ្រឿង៕