ភ្នំពេញៈ កម្មករបីនាក់ត្រូវបានសាលាដំបូងរាជធានីបើកសវនាការជំនុំជម្រះ កាលពីថ្ងៃទី០៩ខែកុម្ភៈឆ្នាំ២០១៦ម្សិលមិញពីបទ «ការនាំចេញដោយខុសច្បាប់សម្រាប់នាំឆ្លងដែន» ប្រព្រឹត្តកាលពីដើមឆ្នាំ ២០១៥ ពាក់ព័ន្ធនឹងការជួយសម្របសម្រួលស្ត្រីខ្មែរ ៣ នាក់ឲ្យទៅការប្តីនៅស្រុកចិន។
ជនជាប់ចោទទាំងបីនាក់នោះមានឈ្មោះ ជ ឆោ ភេទប្រុសអាយុ ៤០ ឆ្នាំ និងប្រពន្ធឈ្មោះ បឿន សុខលីន អាយុ ៣៣ ឆ្នាំមកពីខេត្តព្រៃវែងចំណែកកម្មការិនីម្នាក់ទៀតឈ្មោះ ឌុល ចាន់ឌី អាយុ ២៦ ឆ្នាំ មកពីខេត្តពោធិ៍សាត់។ អ្នកទាំងបីត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២៤ ខែមករាឆ្នាំ ២០១៥ ក្រោយពេលជនរងគ្រោះ ខឿន អាំ ត្រូវប៉ូលិសចិនបញ្ជូនត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី ២០ ខែមករាហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅប៉ូលិស។
នៅក្នុងសវនាការក្រោមការដឹកនាំដោយចៅក្រមលោក វេង ហ៊ត់ កម្មការិនី បឿន សុខលីន បានប្រាប់ថានាងមានប្អូនស្រីម្នាក់ឈ្មោះ បឿន ស្រីណា អាយុ ២៨ ឆ្នាំដែលបានរៀបការទៅរស់នៅប្រទេសចិនកាលពីពីរឆ្នាំមុន។ ក្រោយពេលបានទៅរស់នៅប្រទេសចិនប្អូនស្រីនាងបានប្រាប់ថាបើសិន មានអ្នកណាចង់បានប្តីទៅរស់នៅប្រទេសចិនសូមទាក់ទងនាងព្រមទាំង ឲ្យនាងរកមនុស្សដែលចង់រៀបការទៅនៅចិន។ ប្អូនស្រីនាងថែមទាំងបានឲ្យលេខទូរស័ព្ទទាក់ទងទៅមនុស្សម្នាក់ ឈ្មោះ វិរៈ ដែលជួយសម្រួលក្នុងការរត់ឯកសារ។ ថ្ងៃមួយឈ្មោះ ឌុល ចាន់ឌី ដែលជាមិត្តភក្ដិរបស់ បឿន ស្រីណា បាននាំជនរងគ្រោះឈ្មោះ ខឿន អាំ ជាកម្មការិនីរោងចក្រជាមួយគ្នាមកជួបនាង។
សុខលីន ថ្លែងថាក្នុងការនាំយក ខឿន អាំ ទៅចិននេះ សុខលីន និយាយថានាងធ្លាប់បានទទួលប្រាក់ពីប្អូនស្រី បឿន ស្រីណា ៣ ពាន់ដុល្លារដើម្បីផ្ញើទៅឲ្យឈ្មោះ ខឿន អាំ តាមរយៈឈ្មោះ ឌុល ចាន់ឌី ក៏ប៉ុន្តែ ឌុល ចាន់ឌី ថានាងទទួលបានតែ ១ ពាន់ដុល្លារប៉ុណ្ណោះហើយយកទៅឲ្យឈ្មោះ ខឿន អាំ ទាំងអស់។
ឌុល ចាន់ឌី បានប្រាប់សវនាការថាការដែលនាងនាំ ខឿន អាំ ទៅជួប បឿន សុខលីន ដោយសារ ខឿន អាំ បានពឹងពាក់នាងឲ្យរកអ្នកដែលអាចជួយឲ្យនាងបានប្តីទៅនៅស្រុក ចិន។ ចាន់ឌី ថា៖ «គាត់ធ្លាប់ផ្ញើរូបថតប្រកាសរកប្តី។ គាត់ថាគាត់ក្រចង់ទៅនៅស្រុកចិនក្រែងបានធូរធារជួយដល់គ្រួសារ»។
ចាន់ឌី ធ្លាប់ជួយសម្រួលឲ្យស្ត្រីខ្មែរបីនាក់ផ្សេងទៀតបានទៅរៀបការនៅ ប្រទេសចិនបានសម្រេច។ នាងថានៅរាល់ពេលជួយសម្រួលម្តងៗកូនក្រមុំតែងសន្យាផ្តល់ប្រាក់ ឲ្យនាង ៤០០ ដុល្លា។ ក៏ប៉ុន្តែក្នុងករណីទាំងបីនោះនាងបានទទួលតែម្តងគត់មានទឹកប្រាក់ ១៥០ ដុល្លាពីកូនក្រមុំ ចាន់ឌឿន។ ក្នុងករណីចុងក្រោយដែលឈានដល់ការចាប់ខ្លួននេះនាងមិនបានទទួលអ្វី ទេ។
ជនជាប់ចោទទាំងពីរនាក់បានប្រាប់តុលាការថារាល់ឯកសារ និងលិខិតឆ្លងដែនគឺត្រូវបានរត់ការ និងរៀបចំដោយបុរសម្នាក់ឈ្មោះ វិរៈ នៅភ្នំពេញ និងឈ្មោះ មី នៅសៀមរាប។
ចំណែក ឈ្មោះ ជ ឆោ មិនត្រូវបានឃុំខ្លួនទេដោយសារតុលាការបានចាត់ទុកថាគាត់មិន ពាក់ព័ន្ធក្នុងរឿងនេះ។ ក៏ប៉ុន្តែ ជ ឆោ ត្រូវបានហៅមកជំនុំជម្រះដោយសារតែបានឌុបប្រពន្ធទៅយកឯកសារឲ្យជន រងគ្រោះ ខឿន អាំ ពីឈ្មោះ វិរៈ ហើយត្រូវប្រពន្ធប្រើឲ្យទូរស័ព្ទទៅ ចាន់ឌី ឲ្យមកយកឯកសារ។
ព្រះរាជអាជ្ញា លោក អ៊ុំ សុភ័ក្រ នៅទីបញ្ចប់បានសម្រេចរក្សាបទចោទទាំងចង្អៀតចង្អល់ចិត្តដោយលោក ថ្លែងថាអ្នកទាំងបីមានជាប់ពាក់ព័ន្ធក្នុងការ «នាំចេញដោយខុសច្បាប់សម្រាប់នាំឆ្លងដែន» ក៏ប៉ុន្តែលោកថាពួកគេមិនបានដឹងថាសកម្មភាពនេះជាអំពើខុសច្បាប់ ទេដោយសារអ្នកទាំងអស់មានចំណេះដឹងតិចតួចណាស់។ «ការនាំចេញជាមនោសញ្ចេតនារបស់ពួកគាត់ប៉ុន្តែក្នុងច្បាប់ចែងថា អំពើនេះជាអំពើខុសច្បាប់។...ខ្ញុំសូមឲ្យតុលាការផ្ដន្ទាទោសជនទាំង បីនេះចុះតែសូមសម្រាលទោសឲ្យនៅស្រាលបំផុតគឺនៅកម្រិតអប្បបរមា ពីព្រោះពួកគាត់អត់ដឹងថានេះជាអំពើខុសច្បាប់ទេ»។
ទាំងមេធាវី និងជនជាប់ចោទបានស្នើឲ្យតុលាការលើកលែងបទចោទប្រកាន់នេះដោយអះអាង ថាពួកគាត់មិនបានបង្ខិតបង្ខំ ឬបញ្ចុះបញ្ចូលជនរងគ្រោះឲ្យទៅរៀបការប្តីនៅចិនទេគឺជនរងគ្រោះ ស្នើសុំដោយខ្លួនឯង។
សាលក្រមនឹងត្រូវប្រកាសនៅថ្ងៃទី ២៥ ខែកុម្ភៈឆ្នាំ២០១៦ខាងមុខនេះ៕