ក្រចេះ៖ ចោរមួយក្រុមប្រដាប់ដោយអាវុធចូលប្លន់ទ្រព្យសម្បត្តិផ្ទះប្រជាពលរដ្ឋ នៅស្រុកស្នួល បានបាញ់របួសនគរបាលឲ្យរបួសពីរនាក់ ខណៈពេលកម្លាំងសមត្ថកិច្ចកំពុងដេញបង្ក្រាប។ ហេតុការណ៍នោះ បានកើតឡើងស្ថិតនៅភូមិអូរតាញៀន ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ កាលពីវេលាម៉ោងជិត៩យប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា មានជនសង្ស័យមួយក្រុមមិនទាន់ដឹងពីចំនួនប៉ុន្មាននាក់នោះ បានចូលទៅប្លន់នៅផ្ទះប្រជាពលរដ្ឋ។ ពេលនោះ ក្រុមចោរបាញ់សំដៅរថយន្តរបស់កម្លាំងនគរបាល៥ទៅ៦គ្រាប់ បណ្តាលឲ្យមន្ត្រីនគរបាលពីរនាក់រងរបួស គឺម្នាក់ត្រូវជើង និងម្នាក់ទៀតត្រូវដៃ ខណៈពេលពួកគាត់បានទទួលព័ត៌មានថា មានអំពើប្លន់រួចចុះទៅគោលដៅ។
លោក គង់ គឹមនី អភិបាលស្រុកស្នួល បានប្រាប់អ្នកសារព័ត៌មានឲ្យដឹង ខណៈពេលកើតហេតុថា "នៅពេលនេះ ខ្ញុំកំពុងបញ្ជាកម្លាំងទាំងនគបាល និងអាវុធហត្ថដេញតាមក្រុមចោរដែលកំពុងរត់គេចខ្លួន"។លោកបន្តថា ចោរបានចូលប្លន់ផ្ទះប្រជាពលរដ្ឋដែលឮថា ទើបនឹងលក់ដំឡូងបានលុយថ្មីៗ។ ក្រោយពីទទួលបានថា មានករណីប្លន់កម្លាំងនគរបាលស្រុកបើករថយន្តទៅជួយអន្តរាគមន៍ ស្រាប់តែពួកវាបាញ់មកលើឡានរបស់កម្លាំងមានសមត្ថកិច្ច បណ្តាលឲ្យរបួសពីរនាក់តែម្តង។ ឯការបាត់បង់ទ្រព្យសម្បត្តិសមត្ថកិច្ចមិនទាន់ក្តាប់បានពីចំនួនទេ រង់ចាំស្រាវជ្រាវនាពេលក្រោយ។
យ៉ាងណាក៏ដោយពេលនេះ កម្លាំងសមត្ថកិច្ចជាច្រើននាក់ កំពុងដេញតាមដោយមិនទាន់ដឹងថា ក្រុមចោរមានគ្នាប៉ុន្មាននាក់នោះទេ តែបើមើលតាមគ្រាប់កាំភ្លើងដែលបាញ់ហើយបៀមក្បាលគ្រាប់ជាប់នឹងខ្លួន មន្ត្រីនគរបាលនោះ ជាប្រភេទកាំភ្លើងខ្លី។ ក្នុងហេតុការណ៍ករណីប្លន់ប្រដាប់អាវុធនោះ លោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បាននិងកំពុងបញ្ជាកម្លាំងសហការជាមួយអាវុធហត្ថធ្វើការស្ទាក់តាមគោលដៅ ដើម្បីតាមបង្ក្រាបក្រុមចោរទាំងនេះ៕