ស្ទឹងត្រែង៖ ប្រជាការពារភូមិ និងសមត្ថកិច្ចនគរបាលបានជួយសង្គ្រោះយុវជនម្នាក់ ដឹកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងភ្លាមៗ បន្ទាប់ពីមានមនុស្សមួយក្រុម ជិះម៉ូតូដេញកាប់ឱ្យរបួស នៅតាមផ្លូវភ្ញាក់ផ្អើលដល់អ្នកភូមិ។ ហេតុការណ៍នោះ បានកើតឡើងនៅលើកំណាត់ផ្លូវមួយត្រង់ចំណុចតាដុងតាដាំ ភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង កាលពីយប់ថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៦។
សមត្ថកិច្ចបានឱ្យដឹង ថា ជនរងគ្រោះឈ្មោះ លី កាវ៉ា អាយុ១៩ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង រងរបួសចំក្បាល និងដៃធ្ងន់ធ្ងរ។ ចំណែកបងប្រុសជនរងគ្រោះឈ្មោះ លី ស៊ូគី អាយុ២១ឆ្នាំ បានរួចផុតពីគ្រោះថ្នាក់ពេលត្រូវមនុស្សមួយក្រុមយកដាវសាម៉ូរ៉ៃ ដេញកាប់ហើយខ្លួនរត់ចូលព្រៃ។ ឈ្មោះ លី ស៊ូគី ត្រូវជាបងប្រុសឈ្មោះ លី កាវ៉ា (ជនរងគ្រោះ) បាននិយាយប្រាប់សមត្ថកិច្ចថា ដើមហេតុពីដំបូងឡើយ ពួកគេបានចុះទៅផឹកស៊ីនៅរមណីយដ្ឋានឆ្នេរខ្សាច់សេកុង។ លុះពេលជិះម៉ូតូធ្វើដំណើរមកដល់ផ្លូវធំ ក៏ត្រូវមនុស្សមួយក្រុមមានគ្នាជិត១០នាក់ ជិះម៉ូតូប្រដាប់ ដោយដាវសាម៉ូរ៉ៃដេញកាប់អ្នកទាំងពីរតែម្តង។
ជនរងគ្រោះបាន និយាយទៀតថា ខ្លួនមិនបានដឹងរឿងអ្វីទាំងអស់ដែលឈានដល់មានការដេញកាប់បែបនេះទេ។ ប៉ុន្តែក្រុមគ្រួសារជនរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ចថា ពួកគេស្គាល់ជនបង្កនោះ ពេលឃើញជិះម៉ូតូដេញកាប់ពីរនាក់បងប្អូន ដោយសារកន្លងមកធ្លាប់ទៅញ៉ែស្រីនៅក្បែរផ្ទះរបស់ខ្លួន។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវ រកមុខសញ្ញាជនបង្កដែលគ្រួសារជនរងគ្រោះបង្ហាញ ដើម្បីចាប់ខ្លួន។ ករណីនេះ សមត្ថកិច្ចសន្និដ្ឋានថា អាចកើតឡើង ដោយសាររឿងទំនាស់ស្នេហា ឬក៏មានគំនុំអ្វីមួយ៕