ត្បូងឃ្មុំ/ភ្នំពេញៈ បុរសម្នាក់បានយកសាំងចាក់ស្រោចខ្លួនហើយដុតក្នុងគោលបំណងធ្វើ អត្តឃាតដោយសារខឹងនឹងប្រពន្ធជេរប្រមាថ និងសុំលែងលះប៉ុន្តែត្រូវបានម្ដាយក្មេកស្ទុះទៅជួយពន្លត់ក៏ បណ្ដាលឲ្យភ្លើងឆេះរលាកធ្ងន់ធ្ងរទាំងពីរនាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃសៅរ៍ទី១៣ខែកុម្ភៈនៅភូមិជីរោទិ៍ ឃុំជីរោទិ៍ទី ១ ស្រុក-ខេត្តត្បូងឃ្មុំ។
លោក ប្រាំង សុខុន នាយនគរបាលប៉ុស្តិ៍ឃុំជីរោទិ៍ ១ បានប្រាប់ ពីម្សិលមិញថាបុរសដែលចាក់សាំងដុតនោះ ឈ្មោះ នេត្រ សុផាន់ណា អាយុ ២៨ ឆ្នាំដោយគេរលាកពេញដៃ ជើង ដងខ្លួន និង ផ្ទៃមុខខណៈស្ត្រីជាម្ដាយក្មេកឈ្មោះ ស្រូវ គឹមសយ អាយុ ៥១ ឆ្នាំបានឆេះរលាកដៃ និងខ្នង។ ក្រោយកើតហេតុទាំងពីរនាក់ត្រូវបានអ្នកភូមិ និងក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យខេត្តកំពង់ចាមដើម្បីព្យាបាល។
លោកបានបន្តថាបើតាមសម្ដីស្ត្រីជាប្រពន្ធឈ្មោះ ផន ស្រីលីន អាយុ ២៣ ឆ្នាំបុរសរងគ្រោះមានចិត្តប្រចណ្ឌនឹងប្រពន្ធដែលទៅធ្វើការនៅ រោងចក្រ និងមានមិត្តភក្ដិប្រុសស្រីច្រើនហើយនៅថ្ងៃកើតហេតុក៏បានខឹងនឹង ប្រពន្ធខ្លួនដែលជេរប្រមាថថា «អាប្ដីហេងស៊យ»។
ទោះជាបែបណាក្ដីក្នុងបទសម្ភាសដាច់ដោយឡែកមួយកាលពីម្សិលមិញ អ្នកស្រី ផន ស្រីលីន ដែលថាបច្ចុប្បន្នកំពុងមានផ្ទៃពោះជាងពីរខែបាននិយាយថា៖ «ខ្ញុំខំទៅធ្វើការរកប្រាក់ផ្គត់ផ្គង់គ្រួសារហើយគាត់មួយថ្ងៃៗគិត តែពីដើរផឹកស្រាដល់ពេលស្រវឹងស្រាបែរជារករឿងចោទខ្ញុំថាយក លេសទៅធ្វើការតាមពិតលួចទៅមានប្រុសឈ្មោលមានសហាយ។ ខ្ញុំក៏ខឹងបើថាខ្ញុំមានសហាយលែងគ្នាតែម្ដងទៅអាប្ដីហេងស៊យឈប់ យកអញទៀត»។
អ្នកស្រីបានបន្តថាពេលឮពាក្យបញ្ឈឺជនរងគ្រោះក៏បានទៅទិញសាំង ពីរលីត្រមកចាក់ស្រោចលើខ្លួនហើយដុតតែម្ដងសំណាងល្អត្រូវម្ដាយ របស់នាងស្ទុះទៅជួយហើយអ្នកភូមិ និងសមត្ថកិច្ចក៏បានជួយអន្តរាគមន៍បញ្ជូនទៅមន្ទីរពេទ្យខេត្ត កំពង់ចាម។ បច្ចុប្បន្នទាំងពីរនាក់ម្ដាយក្មេក និងកូនប្រសាកំពុងសម្រាកក្នុងមន្ទីរពេទ្យនៅឡើយ។
ដោយឡែកករណីដុតកង់ឡានប្រឆាំងការអនុវត្តសាលដីកាតុលាការកំពូលពី ថ្ងៃសុក្រធ្វើឲ្យស្ត្រីវ័យក្មេងម្នាក់របួសដៃជើងធ្ងន់ធ្ងរដោយសារ ឆេះផងដែរ។
លោក គួច ចំរើន អភិបាលខណ្ឌដូនពេញបានឲ្យដឹងថាកញ្ញា ស៊ឹង រតនា អាយុ ២៣ ឆ្នាំបានឆេះរលាកដៃជើងធ្ងន់ធ្ងរហើយត្រូវក្រុមសមត្ថកិច្ចចាប់ បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីជួយសង្គ្រោះបន្ទាប់ពីនាង និងប្អូនស្រីនាងម្នាក់ឈ្មោះ ស៊ឹង សូនេ បានយកសាំងចាក់ក្នុងកង់រថយន្ត និងកំប៉ុងហ្គាសរួចដុតដើម្បីរារាំងមិនឲ្យអនុវត្តសាលដីកាស្ថាពរ ក្នុងការរឹបអូសយកដីឡូត៍ និងផ្ទះ (លេខ ៩៧B) របស់នាងនៅផ្លូវ ១០៨ ក្រុមទី ១៦ សង្កាត់វត្តភ្នំដែលចាញ់ក្ដីកាលពីឆ្នាំ ២០០៧ ទៅឲ្យភាគីម្ខាងឈ្មោះ ស៊ឹម ឡង។
ទោះជាបែបណាក្ដីក្រោយពីក្រុមពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់រួច សមត្ថកិច្ចក៏បានឃាត់ខ្លួនប្អូនស្រី ស៊ឹង សូនេ និងបងស្រីនាងម្នាក់ទៀតឈ្មោះ ស៊ឹង សំណាង ទៅសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដោយចោទពីបទ «រារាំងសមត្ថកិច្ចក្នុងការអនុវត្តច្បាប់»។
បើទោះជារងគ្រោះថ្នាក់ហើយបងប្អូនត្រូវបានចាប់ឃុំក្ដីកញ្ញា ស៊ឹង រតនា ដែលកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យថ្លែងថាសាលដីកានោះ «អយុត្តិធម៌» សម្រាប់គ្រួសារនាងដែលជាអ្នកក្រខ្លាំងខណៈភាគីម្ខាងទៀតជាគ្រួសារ អ្នកមានស្ដុកស្ដម្ភ៕