ព្រៃវែង ៖ ឃាតកម្មដ៏សាហាវ មួយបានកើតឡើង ដោយសិស្សថ្នាក់ទី១១ នៃវិទ្យាល័យព្រៃពោន ម្នាក់បានយក កាប៊ីនកាំភ្លើង ចាក់យុវសិស្សម្នាក់ទៀតបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូន ដល់មន្ទីរពេទ្យ។
ឃាតកម្ម ដ៏សាហាវនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៥៥នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅត្រង់ចំណុចខាងកើតវិទ្យាល័យព្រៃពោន ស្ថិតក្នុងភូមិព្រៃពោន ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
សមត្ថកិច្ច បានឲ្យដឹងថា ជនដៃដល់ឈ្មោះលី សុធីរៈ ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យព្រៃពោនថ្នាក់ទី(១១D) រស់នៅភូមិឃុំខាងលើ បានយកកាប៊ីនកាំភ្លើងចាក់ទៅលើយុវសិស្សម្នាក់ទៀត ដែលមានឈ្មោះជុំ រីឆាត អាយុ១៩ឆ្នាំ ជាសិស្សនៃវិទ្យាល័យព្រៃពោនដូចគ្នា ត្រូវផ្នែកខាងក្រោយខ្នងបណ្ដាលឲ្យរងរបួសជាទម្ងន់ និងបានស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ជនរងគ្រោះឈ្មោះជុំ រីឆាត នេះរស់នៅភូមិរលួស ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
លោក សួន សំអឿន អធិការស្រុកកំពង់ត្របែក បានឲ្យដឹងថា កន្លងមកយុវជនទាំងពីរនាក់នេះ ធ្លាប់មានទំនាស់ពាក្យសម្ដីនឹងគ្នាបន្តិចបន្តួចដែរ ហើយក៏កើតមានគំនុំ លុះដល់ថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០១៦ នៅពេលចេញលេង ជុំ រីឆាត បានដើរចេញមកក្រៅរបងសាលា។ ពេលនោះ លី សុធីរៈមានឱកាស ក៏បានដកកាប៊ីនកាំភ្លើងចេញពីកាតាប ចាក់ទៅលើឈ្មោះ ជុំ រីឆាត មួយកាប៊ីន បណ្ដាលឲ្យរងរបួសធ្ងន់រហូតដល់ស្លាប់ រួចធ្វើការគេចខ្លួនបាត់តែម្ដង។
បច្ចុប្បន្នជនដៃដល់សមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនដើម្បី កសាងសំណុំរឿងតាមនីតិវិធី។ចំណែកសពក្រោយពេលពិនិត្យ និងធ្វើកោសល្យវិច័យ រួចបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕