បន្ទាយមានជ័យ ៖ ក្រុមជនសង្ស័យប្រុស-ស្រី៧នាក់ ក្នុងចំណោម១០នាក់ ដោយមានទាំងមនុស្សខ្ទើយផងនោះ ត្រូវបានកម្លាំងនគរបាលស្រុកស្វាយចេក ឃាត់ខ្លួនបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ បន្ទាប់ពីបាននាំគ្នាដើរឆរបោកប្រជាពលរដ្ឋតាមទីជនបទ អោយទិញឆ្នោតកោសផ្សងសំណាងយករង្វាន់ ។
លោក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង៧នាក់ ក្នុងចំណោម១០នាក់ រួមមាន ១.ឈ្មោះ ស៊ុន ចន្ថា ភេទស្រី អាយុ៣៧ឆ្នាំ, ២.ឈ្មោះ ព្រំ កៃ ភេទប្រុស អាយុ២០ឆ្នាំ ៣.ឈ្មោះ -ទូច ប៉ាន់ ភេទប្រុស អាយុ៥២ឆ្នាំ ៤.ឈ្មោះ ចាន់ ដារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ៥.ឈ្មោះ ជា ដាវិត ភេទប្រុស អាយុ៣០ឆ្នាំ ៦.ឈ្មោះ វង់ លក្ខណ៍ ភេទស្រី អាយុ២៥ឆ្នាំ និង៧.ឈ្មោះ ជា រដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ អ្នកទាំង៧នាក់ មានទីលំនៅក្នុងខេត្តស្វាយរៀង ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងរាជធានភ្នំពេញ ។ ដោយឡែកបក្ខពួករបស់ក្រុមជនសង្ស័យចំនួន៣នាក់ផ្សេងទៀតដែលជាមនុស្ស ប្រភេទទី៣ ឬហៅថា ខ្ទើយ បានរត់គេចពីការឃាត់ខ្លួនរបស់សមត្ថកិច្ច ។
លោក បន្តថា ដំបូងឡើយក្រុមជនសង្ស័យបាន ជិះរថយន្តតូរីស មួយគ្រឿងដើរលក់ផលិតផល និងចាប់រង្វាន់ តាមរយៈឆ្នោតកោស ដើម្បីទទួលបានទូរស័ព្ទដៃ និងទឹកអប់ តែត្រូវបង់លុយចាប់ពី៣ទៅ៤ ពាន់បាត ។ តែនៅពេលមានប្រជាពលរដ្ឋចាប់ត្រូវរង្វាន់ បែរជាទទួលបានរង្វាន់ដែលមិនសមទៅតាមតម្លៃលុយដែលគាត់បានកក់ទៅវិញ ។ ឃើញមិនស្រួលប្រជាពលរដ្ឋក៏បានមកប្តឹងសមត្ថកិច្ច ទើបឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ រួមនិងសម្ភារៈមួយចំនួនបញ្ជូនទៅតុលាការតែម្តង ។
ជាមួយគ្នានេះលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលនៅជនបទ ត្រូវមានការប្រយ័ត្នខ្ពស់ចំពោះជនខិលខូចមួយចំនួនដែលតែងដើរ បោកប្រាស់គេងប្រយោជន៍ពីបងប្អូនប្រជាពលរដ្ឋ ហើយបើមានការសង្ស័យលើបទល្មើសអ្វីមួយ ត្រូវប្រញាប់ផ្តល់ព័ត៌មានដល់សមត្ថកិច្ចដើម្បីមានវិធានការណ៍ ទប់ស្កាត់ ៕