បាត់ដំបង៖ ដោយមានបណ្ដឹងពីអាណាព្យាបាលសិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដែលលើកឡើងអំពីករណីកូនចៅរបស់ខ្លួនមិនចូលសិក្សា នៅសាលា ហើយតែងតែប្រមូលផ្ដុំគ្នាចូលច្រៀងខារ៉ាអូខេ យ៉ាងពពាក់ពពូននោះ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ ម្សិលមិញនេះ សមត្ថកិច្ចបានឆ្មក់ចូលទីតាំងបើកកន្លែងច្រៀងខារ៉ាអូខេមួយ កន្លែង ដោយប្រទះឃើញយុវជនជាសិស្សសាលាប្រមាណ១០នាក់កំពុងច្រៀងនៅទី នោះ។
សមត្ថកិច្ចខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃខាងលើ លោក តូច សុភក្តី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបាត់ដំបង បានដឹកនាំកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឆ្មក់ចូលទីតាំងបើកកន្លែងច្រៀងខារ៉ាអូខេ មួយកន្លែង ស្ថិតនៅភូមិនំក្រៀប សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ដោយក្នុងនោះប្រទះឃើញយុវជនជាសិស្សសាលាប្រមាណ១០នាក់ កំពុងច្រៀង ហើយពពាក់ពពូនគ្នាព្រមទាំងប្រព្រឹត្តល្បែងស្នេហានៅទីនេះ។
ក្រោយសួរនាំលោកព្រះរាជអាជ្ញារង បានអប់រំណែនាំដល់ម្ចាស់ទីតាំង ដែលបើកដោយ គ្មានលិខិតស្នាមអនុញ្ញាត កុំឲ្យមានបញ្ហាកើតមានជាបន្តទៀត ពិសេសកុំឲ្យក្មេងៗ អាយុក្រោម១៨ឆ្នាំ ចូលច្រៀង បង្កភាពពពាក់ពពូន និងគេចវេសសាលាមិនចូលរៀន ។
សមត្ថកិច្ចបញ្ជាក់ថា ចំពោះយុវជនទាំងនេះ បានអប់រំណែនាំ និងឲ្យអាណាព្យាបាល មកធានាយកទៅលំនៅឋានវិញ នៅថ្ងៃដដែល៕